ឯកឧត្តម នេត្រ ភក្រ្តា បង្ហាញនូវការគាំទ្រចំពោះដំណើរការផ្សព្វផ្សាយ របស់វិទ្យុមិត្តភាពកម្ពុជាចិន ព្រោះនេះជាផ្នែកមួយជួយប្រជាជនកម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំវិទ្យុមិត្តភាពកម្ពុជា ចិន ប្រចាំកម្ពុជា ដឹកនាំដោយ កញ្ញា Yao Shiya (យ៉ាយ៉ា) ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន។
វិទ្យុមិត្តភាពកម្ពុជាចិន CCFR ត្រូវបានបង្កើតឡើងក្រុមកិច្ចសហប្រតិបត្តិ ការរវាងវិទ្យុជាតិកម្ពុជាជាមួយនឹងវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ដោយមាន ការគាំទ្រពីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោល បំណងផ្លាស់ប្ដូរ សិល្បៈ វប្បធម៌ និងព័ត៌មានរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការគ្រប់គ្រប់ ជ្រុងជ្រោយ និងរឹតចំណងមេត្រីភាពឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ព្រមទាំងជំរុញការយល់ ដឹងពីគ្នានិងផ្សារភ្ជាប់ដួងចិត្តទៅ វិញទៅមករវាង ប្រជាជនប្រទេសទាំងពីរចិននិងកម្ពុជា។
កញ្ញា Yao Shiya បានជម្រាបជូនថា វិទ្យុមិត្តភាពកម្ពុជាចិន ចាប់ផ្តើមផ្សាយសំឡេងជាផ្លូវការ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៨ គឺជាផ្នែកមួយនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) ហើយក៏ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅក្រោមការអនុញ្ញាតពីក្រសួងព័ត៌មានកម្ពុជា ផងដែរ។
អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ភាសាអង់គ្លេសហៅថា China Media Group គឺជាប្រព័ន្ធផ្សព្វផ្សាយទ្រង់ទ្រាយធំបំផុតមួយក្នុងពិភពលោក ដែលរួមទាំង CCTV និង CGTN ជាដើម បានទាក់ទាញប្រិយមិត្តតាមដានជាប្រចាំ ជាជនជាតិចិនជាង ១.៤ ពាន់លាននាក់ និងប្រិយមិត្តអន្តរជាតិតាមដានជាប្រចាំរាប់ពាន់លាននាក់។
វិទ្យុមិត្តភាពកម្ពុជាចិនបានផ្សាយជូនជារៀងរាល់ថ្ងៃចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃអាទិត្យ ចាប់ពីវេលាម៉ោង ៦ព្រឹក រហូតដល់ម៉ោង១២ អធ្រាត្រ មានរយៈពេលផ្សាយ ១៨ម៉ោងក្នុងមួយថ្ងៃ តាមរយៈរលក អាកាសFM96.5MHz នៅរាជធានីភ្នំពេញ និងFM105MHz នៅខេត្តសៀមរាប។
វិទ្យុមិត្តភាពកម្ពុជាចិន ក៏មានរាយការណ៍ព័ត៌មានរបស់ខ្លួន ដែលផលិតបាន និងវីដេអូ ក្រាហ្វិកផ្សាយតាមរយៈគេហទំព័រ cambodian.cri.cn និងគណនីហ្វេសប៊ុក ccfr ។
វិទ្យុមិត្តភាពកម្ពុជាចិនបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មាន ជំរុញការស្វែងយល់គ្នាទៅវិញទៅមក និងរឹតចំណងមិត្តភាពដែលមានប្រវត្តិដ៏យូរអង្វែងមកហើយនោះឱ្យកាន់តែស៊ីជម្រៅ ក្នុងអត្ថន័យបញ្ជូននូវមនោសញ្ចេតនាមេត្រីភាព និងមិត្តភាពរបស់ប្រជាជាតិចិនទៅដល់ប្រិយមិត្តអ្នកស្ដាប់កម្ពុជាដោយមិនស្វែងរកប្រាក់ចំណេញ។
ឯកឧត្តម នេត្រ ភក្រ្តា បានបង្ហាញនូវការគាំទ្រចំពោះដំណើរការផ្សព្វផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជាចិន ព្រោះនេះជាផ្នែកមួយជួយប្រជាជនកម្ពុជា បានយល់ដឹងបន្ថែមទៀតពីប្រពៃណីវប្បធម៌របស់ចិន ហើយចិនក៏បានយល់ពីវប្បធម៌របស់កម្ពុជាវិញផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានអនុញ្ញាត និងលើកទឹកចិត្តឱ្យវិទ្យុមិត្តភាពកម្ពុជា ចិន ពង្រីកការផ្សាយរបស់ខ្លួនតាមរយៈAPPក្រសួងព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) បន្ថែមលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នាពេលបច្ចុប្បន្ន ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ និងសម្បូរបែបដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសថែមទៀត។
ម៉្យាងវិញទៀត ការផ្សព្វផ្សាយជាមួយបណ្តាញព័ត៌មានរបស់ក្រសួងព័ត៌មាននេះ ក៏ជាការជំរុញនូវកិច្ចសប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់រាជដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលចិន ឱ្យកាន់តែស៊ីជម្រៅ ជាពិសេសយុទ្ធសាស្រ្តខ្សែក្រវាត់ និងផ្លូវ ដែលជាគម្រោងផ្តួចផ្តើមឡើងដោយប្រទេសចិនហើយផ្តល់ផលប្រយោជន៍ដល់បណ្តាប្រទេសក្នុងតំបន់។
ជាមួយគ្នានេះ ឯកឧត្តម បានស្នើឱ្យវិទ្យុមិត្តភាពកម្ពុជា ចិន ជួយបង្កើនការផ្សព្វផ្សាយពីប្រទេសកម្ពុជាឱ្យបានច្រើន ជាពិសេសកិច្ចសហប្រតិប្រតិបត្តិការរវាងកម្ពុជា និងចិន ទាក់ទងទៅនឹងសក្តានុពលទេសចរណ៍ និងការវិនិយោគ ធ្វើអោយប្រជាជននៃប្រទេសទាំងពីរកាន់តែបានស្វែងយល់ពីវប្បធម៌ អរិយធម៌ វិស័យសេដ្ឋកិច្ចគ្នាទៅវិញទៅមក ព្រោះចិន និងកម្ពុជា គឺជាមិត្តដែកថែប៕