ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលសហគមន៍ឌីជីថលកម្ពុជា

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលសហគមន៍ឌីជីថលកម្ពុជា។
បន្ទាប់ពីឯកឧត្តម ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ជម្រាបជូនអំពីសាវតាបច្ចុប្បន្នភាព បេសកកម្ម ទស្សនវិស័យ គោលដៅ មុខងារសំខាន់ៗ និងអត្ថប្រយោជន៍ទាក់ទងនឹងថ្នាលសហគមន៍ឌីជីផលកម្ពុជា (ស.ន.ក.) និងចំណាប់អារម្មណ៍របស់លោក ជី សុផាត – ចំណាប់អារម្មណ៍របស់នាយិកាប្រតិបត្តិក្រុមហ៊ុន Workingna.com រួមនិងចំណាប់អារម្មណ៍របស់សិស្សពូកែអាហារូបករណ៍នៅ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) រួចមក ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានមានប្រសាសន៍ថា
ថ្នាលសហគមន៍ឌីជីថលកម្ពុជា ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដើម្បីគាំទ្រទៅដល់ការអភិវឌ្ឍក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ជាពិសេសការអនុវត្តយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលបំណងប្រមូលផ្តុំអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា សហគ្រិនឌីជីថល និងអ្នកមានគុណវុឌ្ឍន៍បច្ចេកវិទ្យាឌីជីថល ក៏ដូចជាសិស្សានុសិស្ស ដើម្បីអាចបង្ហាញពីសក្តានុពល និងពង្រីក ទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៍សុសវែ និងបច្ចេកវិទ្យាឌីជីថល លើកកម្ពស់ សហការនៅការផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងការរីកចំរើន នៃវិស័យឌីជីថលនៅកម្ពុជា ឈានទៅដល់កសាងមូលធនមនុស្ស ឲ្យក្លាយទៅជាពលរដ្ឋឌីជីថល ក្នុងន័យនេះ ថ្នាលសហគមឌីជីថលកម្ពុជា បានក្លាយជាចំណែកមួយក្នុងការគាំទ្រសកម្មភាពអាទិភាពនៃយុទ្ធសាស្ត្រកសាងធនធានមនុស្សឌីជីថល ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងតែយកចិត្តទុកដាក់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា ការងារសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល១៥ឆ្នាំ គឺធ្វើយ៉ាងណា ដើម្បីប្រែក្លាយរដ្ឋាភិបាល ឲ្យក្លាយទៅជារដ្ឋាភិបាលឌីជីថល និងប្រែក្លាយពលរដ្ឋកម្ពុជា ឲ្យក្លាយជាពលរដ្ឋឌីជីថល ព្រមទាំងសេដ្ឋកិច្ច ធុរៈកិច្ចកម្ពុជា ឲ្យទៅជាសេដ្ឋកិច្ច ធុរៈកិច្ចឌីជីថល។ ដើម្បីសម្រេចបានគោលដៅនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានតួនាទី សំខាន់ៗមួយចំនួន ទៅលើគោលដៅទាំងនេះ ៖
ទី១: គឺក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាស្ថាប័នសម្របសម្រួលក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងស្ថាប័នរដ្ឋ នៅក្នុងរាជរដ្ឋាភិបាល និង ទី២: ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានតួនាទីរួមចំណែកសំខាន់នៅក្នុងការអភិវឌ្ឍន៍ធនធានមនុស្សផ្នែកបច្ចេកវិទ្យា និងពលរដ្ឋដែរបំពេញការងារប្រកបអាជីវកម្មឲ្យចេះប្រើប្រាស់ប្រព័ន្ធចបច្ចេកវិទ្យាជាជំនួយទៅដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។
នៅក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនបន្ថែមអំពីការអភិវឌ្ឍធនធានមនុស្សដើម្បីលើកកម្ពស់ចំណេះដឹងឌីជីថល ការជំរុញចាប់យកឌីជីថល ហើយថ្មីៗនេះ ក្រសួងបានចាប់ផ្តើមការប្រកួតថ្នាក់ជាតិមួយដែលមានឈ្មោះថា “កម្មវិធីបញ្ញវន្តឌីជីថល Digital Talents” ដើម្បីលើកកម្ពស់ចំណាប់អារម្មណ៍លើជំនាញឌីជីថល ជាពិសេសក្នុងចំណោមសិស្សវិទ្យាល័យនៅទូទាំងប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីរួមចំណែកបន្ថែមទៀតដល់ការកសាងធនធានមនុស្សឌីជីថលរបស់ប្រទេស ក្រសួងគ្រោងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅវិទ្យាល័យចំនួន ៥៥៨ ទូទាំងប្រទេស ដើម្បីជំរុញការអភិវឌ្ឍជំនាញនិងការបង្កើនសមត្ថភាពផ្នែកឌីជីថលដល់អ្នកពាក់ព័ន្ធ ជាអាទិ៍ សិស្សានុសិស្ស មន្ត្រីមូលដ្ឋាន ពលករជំនាញ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលដល់ប្រជាជនតាមសហគមន៍មូលដ្ឋាន៕