ក្រសួងទេសចរណ៍ ប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង»

ក្រសួងទេសចរណ៍ បានរៀបចំប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមប្រធានបទ «ទេសចរណ៍ និងការ វិនិយោគបៃតង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទេសចរណ៍ ក្រសួង/ស្ថាប័នពាក់ព័ន្ធ សមាគម សាកលវិទ្យាល័យ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងវិស័យឯកជន សរុបប្រមាណចំនួន ៣0០នាក់ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ។
អង្គពិធីសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ អនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ សារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ដែលបានចង្អុលបង្ហាញ និងតម្រង់ទិស ក្នុងការស្តារ និងអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់។ អង្គពិធីបានកោតសរសើរដល់ ឯកឧត្តម ហ្ស៊ូរ៉ាប់ ប៉ូឡូលីកាហ្ស៊ីលី (Zurab Pololikashvili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក (UNWTO) សម្រាប់សារអបអរសាទរជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានទទួលការគាំទ្រពីប្រជាពលរដ្ឋដ៏ច្រើនកុះករ តាមរយៈការបោះឆ្នោតគាំទ្រនាពេលថ្មីៗកន្លងមកនេះ ក៏ដូចជាការបង្កើតរាជរដ្ឋាភិបាល នៃរដ្ឋសភានីតិកាលទី៧ ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការគាំទ្រពីសមាគមន៍អន្តរជាតិលើការដឹកនាំប្រកបដោយគតិបណ្ឌិត និងប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការដឹកនាំប្រកបដោយចក្ខុវិស័យ ច្បាស់លាស់ និងវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ។
អង្គពិធីក៏បានអបអរសាទរនូវការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅឯទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ក្រោមការដឹកនាំចង្អុលបង្ហាញនិងការតស៊ូគ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំជំនាន់មុន ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ។
ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង»
ឆ្លៀតក្នុងឱកាសនេះ អង្គពិធីក៏បានសម្តែងការនឹករលឹក ដល់ សម្តេចវិបុលបញ្ញា សុខ អាន ដែលជាបំពេញតួនាទីជាបេសកជនពិសេសរបស់ សម្តេចតេជោ ក្នុងការជំរុញការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករហូតទទួលបានជោគជ័យ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ។
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពដ៏ចម្បងក្នុងការស្ដារសេដ្ឋកិច្ចជាតិឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ដូចដែលបានគូសបញ្ជាក់ក្នុងសារលិខិតអបអររបស់សម្ដេចធិបតី។ ដូចនេះ ដើម្បីអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រសួងទេសចរណ៍នឹងអនុវត្តគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តរួមក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្តោតលើគំនិតផ្តួចផ្តើមថ្មីដែលមានសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា “បង្កើន ៥ – Build” ព្រមទាំងមានសមាសធាតុគាំទ្រចំនួន៣ ហៅកាត់ថា “អភិវឌ្ឍ ៣ – 3Ds”។
ក្នុងន័យនេះ អង្គពិធីបានគាំទ្រការដាក់ចេញនូវគោលការណ៍ណែនាំមួយចំនួន ដូចតទៅ៖
១. មូលធនមនុស្ស៖ ការងារ, ជំនាញ, ការបណ្តុះបណ្តាល និងសហគ្រាស
២. នវានុវត្តន៍ និងឌីជីថលូបនីយកម្មវិស័យទេសចរណ៍
៣. បង្កើនការអភិវឌ្ឍ វិនិយោគផលិតផលទេសចរណ៍បៃតង
៤. ជំរុញការទាក់ទាញទេសចរជាតិ និងអន្តរជាតិ
ឯកឧត្តមរដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា តាមរយៈការរៀបចំទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣នេះ ភាគីពាក់ព័ន្ធទាំងអស់នឹងបានជ្រួតជ្រាបកាន់តែច្បាស់អំពីចក្ខុវិស័យ និងនិន្នាការថ្មីៗនៃវិស័យទេសចរណ៍សកលលោក។
ក្រសួងទេសចរណ៍ និងគ្រប់ភាគីពាក់ព័ន្ធ ទាំងវិស័យឯកជននិងបណ្ដាដៃគូអភិវឌ្ឍន៍ ប្តេជ្ញាធ្វើការរួមគ្នា ដើម្បីជំរុញវិស័យទេសចរណ៍ទាំងអស់គ្នា ឆ្ពោះទៅរកចក្ខុវិស័យអភិវឌ្ឍជាវិស័យដែលមានភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន៕