រដ្ឋមន្ត្រីក្រសួងកសិកម្មស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-រុស្ស៊ី លើវិស័យកសិកម្ម ផ្តោតសំខាន់លើការជំរុញពាណិជ្ជកម្មកសិកម្មជាអាទិ៍ ការនាំជីកសិកម្មពីរុស្ស៊ីមកកម្ពុជា និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារប្រទេសរុស្ស៊ី

នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-រុស្ស៊ី លើវិស័យកសិកម្ម ផ្តោតសំខាន់លើការជំរុញពាណិជ្ជកម្មកសិកម្ម ជាអាទិ៍ការនាំជីកសិកម្មពីរុស្ស៊ីមកកម្ពុជា និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារប្រទេសរុស្ស៊ី។

ជំនួបរវាង ឯកឧត្តម រដ្ឋមន្ដ្រី និង ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី ក៏មានពិគ្រោះ ពិភាក្សាគ្នាផងដែរ អំពីការ ត្រៀម រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ អ្នកជំនាញការកសិកម្ម ជនជាតិសូវៀត ចំនួន ៨រូប ដែលបានពលីជីវិតនៅក្នុងខេត្តកំពង់ចាម កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៣។

ភាគីទាំងពីរ បានព្រមព្រៀងគ្នា រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ អ្នកជំនាញការសូវៀត នៅខេត្តកំពង់ចាម ដែលជា ទីកើតហេតុ។ ចំណែកស្តូបរំឭកវិញ្ញាណក្ខន្ធ នឹងរៀបចំខ្លឹមសារជាពីរភាសា គឺភាសាខ្មែរ និងរុស្ស៊ី ដោយមានឆ្លាក់ ឈ្មោះអ្នកជំនាញការ សូវៀត ទាំង ៨រូបផង។

ចំពោះការងាររៀបចំ និងទីតាំងតម្កល់ស្តូបគោរពវិញ្ញាណក្ខន្ធ ភាគីទាំងពីរគឺ កម្ពុជា-រុស្ស៊ី នឹងបន្តពិភាក្សាគ្នា បន្ថែមទៀត ដើម្បីធានាថាការរៀបចំអាចដំណើរការបានរលូន ។ បន្ថែមពីលើនេះ ទីតាំងនៃការតម្កល់ស្តូបត្រូវ ជ្រើសរើសឱ្យបាន ស័ក្តិសមជាទីបំផុត ដើម្បីផ្ដល់ការគោរពចំពោះអ្នកជំនាញការ កសិកម្មនៃសហភាពសូវៀត ទាំង ៨ រូប ដែលបានទទួលមរណភាពក្នុងពេលបំពេញបេសកកម្មនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៣៕