ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិនិត្យវឌ្ឍនភាពនៃការដាក់ QR Code ស្តង់ដាថ្នាល Verified ជាមួយក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍

នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំពិនិត្យវឌ្ឍនភាពនៃការដាក់ QR Code ស្តង់ដាថ្នាល Verified ជាមួយក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់រំឭកអំពីគោលដៅនៃការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបនេះ គឺដើម្បីធានាសុវត្ថិភាពព័ត៌មាន និងឯកសារនានាដែលចេញដោយរដ្ឋាភិបាលទៅកាន់ប្រជាជនប្រកបដោយទំនុកចិត្ត ម្ចាស់ការ និងមានទំនួលខុសត្រូវខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការធ្វើទំនើបកម្មបច្ចេកវិទ្យា ការប្រើប្រាស់កម្មវិធីទូរសព្ទ ឬ Application មានគោលដៅផ្ដល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ហើយត្រូវពិនិត្យលទ្ធភាពក្នុងការដាក់បញ្ចូលគ្នាក្នុង App តែមួយ ដោយមានក្រុមការងារពិនិត្យ តាមដាន និងវាយតម្លៃច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាព និងសុវត្ថិភាពពិតប្រាកដ។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ការងារនេះត្រូវការទាំងបច្ចេកទេសឌីជីថល និងធនធានមនុស្ស ដោយមានការគិតគូរឱ្យបានល្អិតល្អន់ទាំងទិដ្ឋភាពបច្ចេកទេស និងនយោបាយ។ លើសពីនេះទៀត ត្រូវមានការសហការគ្នាល្អ និងរួមគ្នាដោះស្រាយបញ្ហា ដើម្បីសម្រេចជោគជ័យ និងមាននិរន្ដរភាព៕