ក្រុមហ៊ុនសំណង់ធំៗពីរចុះកិច្ចព្រមព្រៀងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីអភិវឌ្ឍន៍ខេត្តកណ្ដាល

ក្រុមហ៊ុនសំណង់ធំៗពីរ មានក្រុមហ៊ុនខេធី ឆាយណា អេស៊ា ហ្រ្គីន ស៊ីធី អ៊ីនវេសម៉ិន ឯ.ក និងក្រុមហ៊ុន ផេស៊ីហ្វិក អ៊ីនធើណេសិនណល ខនស្រ្តាក់សិន (ខេមបូឌា) បានចុះកិច្ចព្រមព្រៀងសាងសង់លើគម្រោងសាងសង់ហេដ្ឋារេចនាសម្ព័ន្ធនៅតំបន់អភិវឌ្ឍន៍ស្រុកកោះធំ និងក្រុងសំពៅពូន ដើម្បីជួយគាំទ្រ និងសម្របសម្រួលសហការលើការអភិវឌ្ឍនានាក្នុងទឹកដីខេត្តកណ្ដាល ដែលជាបេះដូងសេដ្ឋកិច្ចមួយដែរនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីចុះកិច្ចព្រមព្រៀងសម្រាប់កិច្ចសហប្រតិបត្តិការលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អភិវឌ្ឍន៍ស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្ដាល បានធ្វើឡើងកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពរបស់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល, លោកឧកញ៉ា ភឹន ផល្លី ប្រធានក្រុមប្រឹក្សាភិបាល តំណាងក្រុមហ៊ុន ខេធី ឆាយណា អេស៊ា ហ្រ្គីន ស៊ីធី អ៊ីនវេសម៉ិន ឯ.ក និង លោក Zhang Wei ប្រធានក្រុមប្រឹក្សាភិបាល តំណាងក្រុមហ៊ុន ផេស៊ីហ្វិក អ៊ីនធើណេសិនណល ខនស្រ្តាក់សិន (ខេមបូឌា) និងតំណាងក្រសួង ស្ថាប័ន ប្រមាណជាង ៨០នាក់បានចូលរួមក្នុងកម្មវិធីនេះ។
ក្នុងឱកាសនោះដែរឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា «កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ស្ពាន អគាររដ្ឋបាល នៅភូមិសាស្រ្តស្រុកកោះធំ និងក្រុងសំពៅពូនខេត្តកណ្ដាល ដែលជាខេត្តមួយមានសក្ដានុពល ដើម្បីទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស បង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ ព្រោះខេត្តនេះមានទីតាំងភូមិសាស្រ្តឡោមព័ទ្ធរាជធានីភ្នំពេញ ជាមជ្ឍមណ្ឌលសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ដែលជាសរសៃឈាមដ៏មានសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ»។

ឯកឧត្ដមបានបន្តថា ក្រុងសំពៅពូនក៏ត្រូវបានរៀបចំ ប្លង់គោលប្រើប្រាស់ដី និងទីប្រជុំជន បានបង្កបរិយាកាសលើការវិនិយោគឲ្យកាន់តែច្រើនជាងមុនមកកាន់ក្រុងតាខ្មៅ និងតាមផ្លូវលេខ២១ ទៅកាន់ស្រុកកោះធំ ព្រមទាំងការអភិឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់បុរី លំនៅឋាន សណ្ធាគារ កាស៊ីណូ រោងចក្រ និងសហគ្រាសជាច្រើនផងដែរ។ ឯកឧត្ដម ក៏បានអរគុណដល់ក្រុមហ៊ុនទាំងពីរ និងស្នើឲ្យក្រុមហ៊ុនទាំងពីរបន្ទាប់ពីចុះកិច្ចព្រមព្រៀងរួច សូមចាប់ផ្ដើមអនុវត្តគម្រោងតែម្ដង ដើម្បីផ្លែផ្កា ផលប្រយោជន៍ និងភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្ត។ ជាមួយគ្នានេះ លោកបានស្នើឲ្យក្រុមហ៊ុនទាំងពីរ រួមគ្នាអភិវឌ្ឍនូវអ្វីដែលរដ្ឋាភិបាលផ្ដល់ឱកាសវិនិយោគជូន នឹងធ្វើការអភិវឌ្ឍពិតប្រាកដ ឲ្យបានទាន់ពេលវេលា ឲ្យបានត្រឹមត្រូវ នូវអ្វីដែលបានប្ដេជ្ញាចិត្តជាមួយរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តកណ្ដាលផងដែរ។
លោកឧកញ៉ា ភឹន ផល្លី ប្រធានក្រុមប្រឹក្សាភិបាល តំណាងក្រុមហ៊ុន ខេធី ឆាយណា អេស៊ា ហ្រ្គីន ស៊ីធី អ៊ីនវេសម៉ិន ឯ.ក បានលើកឡើងថា «ខ្ញុំសូមអរគុណដល់មិត្តភាពដែកថែបរវាងកម្ពុជា និងចិន ដែលតែងតែផ្ដល់ជំនួយការភិវឌ្ឍនានាក្នុងប្រទេសកម្ពុជា។ លើសពីនេះប្រទេសចិន មិនត្រឹមជួយដល់ការភិវឌ្ឍប៉ុណ្ណោះទេ គឺជួយឯករាជ្យភាពដល់កម្ពុជាទៀតផង»។ លោកក៏បានអរគុណដល់ក្រុមហ៊ុន ផេស៊ីហ្វិក ជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសចិន និងជាដៃគូមួយដ៏រឹងមាំក្នុងការអភិវឌ្ឍនគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។
លោក Liu ZeJun ដែលជាអគ្គនាយកក្រុមហ៊ុន ផេស៊ីហ្វិក អ៊ីនធើណេសិនណល ខនស្រ្តាក់សិន (ខេមបូឌា) បាននិយាយថា «ចាប់តាំងពីក្រុមហ៊ុនបានឈរជើងនៅក្នុងប្រទេសកម្ពុជា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងនៅក្រុងសំពៅពូននេះ ក៏បានឈានដល់កិច្ចសហប្រតិបត្តិការតែម្តង។ ការចុះកិច្ចព្រមព្រៀងដោយជោគជ័យនៃគម្រោងនេះ គឺសុទ្ធតែជាការទទួលស្គាល់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មកលើក្រុមហ៊ុន ផេស៊ីហ្វិក ខនស្រ្តាក់សិន»។
លោកបានបញ្ជាក់ថា «គម្រោងអភិវឌ្ឍហេដ្ឋារចេនាសម្ព័ន្ធសំពៅពូន គឺជាគម្រោងវិនិយោគលើវិស័យឧស្សាហកម្មដំបូងបង្អស់ ក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុនផេស៊ីហ្វិក ខនស្រ្តាក់សិន។ ក្រុមហ៊ុនមេបានយកចិត្តទុកយ៉ាងខ្លាំងចំពោះគម្រោងនេះ ក្រុមហ៊ុននឹងអនុវត្តទៅតាមការវិនិយោគនៅកម្ពុជា បម្រើខេត្តកណ្ដាល និងសាងសង់តំបន់សំខាន់ៗទាំងបួន។ ក្រុមហ៊ុននឹងបន្តបង្កើតគម្រោងដែលមានគុណភាពខ្ពស់ និងប្រកាន់ខ្ជាប់នូវទស្សនវិស័យអាជីវកម្ម ធ្វើគំរូល្អ បង្កើតមិត្តភាព និងទទួលជ័យជំនះលើទីផ្សារ ដោយទទួលបានភាពជោគជ័យសម្រាប់កិច្ចសហការជាមួយរដ្ឋបាលខេត្តកណ្ដាលលើវិស័យនៃការវិនិយោគឧស្សាហកម្មសំណង់ និងចែករំលែងលទ្ធផលក្នុងការអភិវឌ្ឍជាមួយគ្នាទៅវិញទៅមក។ ក្រុមហ៊ុននឹងប្រើធនធានមនុស្សដែលមានស្រាប់ និងបញ្ចេញស្នាដៃឲ្យអស់ពីសមត្ថភាព ហើយស្វាគមន៍អ្នកដែលមានសមត្ថភាព ដើម្បីអភិវឌ្ឍគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្រុងសំពៅពូនឲ្យបានកាន់តែប្រសើរបន្ថែមទៀត។