សហព័ន្ធកាយសម្ព័ន្ធពង្រឹងគុណភាពធនធាន សម្រួលគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ២០២៩

សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបន្តពង្រឹងគុណភាពធនធាន គ្រូបង្វឹក ដើម្បីបណ្តុះបណ្តាល ធនធានកីឡាករ កីឡាការិនីវ័យក្មេងឱ្យមានបច្ចេទេសខ្ពស់ៗ ក្នុងចក្ខុវិស័យត្រៀមខ្លួនឱ្យ បានគ្រប់ ជ្រុងជ្រោយឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី(Asian Youth Games) លើកទី៥ នាឆ្នាំ២០២៩ខាងមុខ។

ឯកឧត្តម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកកីឡាកាយសម្ព័ន្ធកម្រិត១ និងបោះជំរុំ (Academy in Aerobic level 1+Training Camp)ដែលប្រព្រឹត្តចាប់ពីថ្ងៃទី ២២-២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្ត កំពង់ ឆ្នាំងគឺជាវគ្គដ៏មានសារៈសំខាន់ ដើម្បីអភិវឌ្ឍន៍ធនធានឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ កីឡា យុវជន អាស៊ី នាឆ្នាំ២០២៩ខាងមុខ។ ឯកឧត្តម បន្ថែមថា វគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹក នេះមានសិក្ខាកាម ២២នាក់ ក្នុងនោះស្រ្តី ៨នាក់ មកពី៤ រាជធានីខេត្តដូចជា ក្រចេះ កំពង់ចាម កំពង់ឆ្នាំង និងភ្នំពេញ ដែលវគ្គនេះជំរុញឱ្យគ្រូបង្វឹកមានចំណេះជំនាញច្បាស់លាស់ ជាពិសេស គឺកីឡាករ កីឡាការិនីវ័យក្មេងត្រូវការជំនាញច្បាស់លាស់ ដែលមានវ័យចាប់ពី៨ឆ្នាំ ឬក្រោម១៥ ឆ្នាំ។

ឯកឧត្តម អគ្គលេខាធិការ បានបន្តទៀតថា សហព័ន្ធនឹងពិនិត្យមើលលើគុណភាពរបស់កីឡាករ កីឡាការិនីក្រោមអាយុ ១៥ឆ្នាំ ដើម្បីត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩។ ដើម្បី ត្រៀម លក្ខណៈសម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងនាមជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ កីឡាករ កីឡាការិនីកាយសម្ព័ន្ធ ដែលនឹងសម្រិតសម្រាំងទុកនេះនឹង មានវ័យក្រោម ១៧ឆ្នាំ សម្រាប់ប្រកួតប្រជែងជាមួយបណ្តាប្រទេសនានា ក្នុងទ្វីបអាស៊ី។ ចក្ខុវិស័យត្រៀមលក្ខណៈ នេះ គឺក្រោមការយកចិត្តទុកដាក់ខ្ពស់ និងការចង្អុលបង្ហាញរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា  ដើម្បីសម្រួចគោលដៅឆ្ពោះទៅរកជោគជ័យ ស្របតាម ផែនការប្រចាំឆ្នាំនៃការអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្សរបស់ខ្លួនប្រកបដោយ គុណ ភាព»។

សូមបញ្ចាក់ថា វគ្គសិក្សា ដែលមានសិក្ខាកាមចំនួន ២២ នាក់ចូលរួមនេះកំពុងដំណើរ ការ ក្រោមការប្រើប្រាស់កញ្ចប់ថវិកាផ្នែកបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រសួងអប់រំ យុវជន និងកីឡាបានទម្លាក់ជូនសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាប្រចាំឆ្នាំ ដើម្បីពន្លឿនការអភិវឌ្ឍ ធនធាន កីឡាកីឡាកាយសម្ព័ន្ធ៕