សហព័ន្ធ E sports កម្ពុជា បណ្តុះបណ្តាល បានចៅក្រម-អាជ្ញាកណ្តាល មូលដ្ឋាន ៣១រូប

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបើកវគ្គបណ្តុះបណ្តាល«ចៅក្រម-អាជ្ញាកណ្តាលកីឡាអេឡិចត្រូនិក ថ្នាក់មូលដ្ឋាន»ដោយទទួលបានការចូលរួមពី សិក្ខាកាមចំនួន៣១នាក់ដែលត្រូវបានបិទបញ្ចប់ កាលពីចុងសប្តាហ៍កន្លងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។

លោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបង្ហាញថា ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធ កីឡាអេឡិចត្រូនិកកម្ពុជា ស្របតាមការ ឧបត្ថម្ភថវិកា ពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការអភិវឌ្ឍ លើគោលដៅ សំខាន់៣គឺ ការងាររដ្ឋបាល ការងារបណ្តុះបណ្តាល និងការរៀបចំ ព្រឹត្តិការណ៍ប្រកួត ដូច្នេះសហព័ន្ធ បានរៀបចំ ឲ្យមានវគ្គបណ្តុះបណ្តាល«ចៅក្រម-អាជ្ញាកណ្តាលកីឡាអេឡិចត្រូនិក កម្រិតមូលដ្ឋាន»នេះដើម្បីបង្កើន ធនធានមនុស្ស ក្នុងវិស័យកីឡាអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ រយៈពេល៥ថ្ងៃ ត្រូវបានចាប់ផ្តើមបើកកាលពីថ្ងៃទី១៩ ដល់ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយផ្តោតលើគោលការណ៍សំខាន់ចំនួន៥គឺ១ រចនាសម្ព័ន្ធ និងរដ្ឋបាលកីឡា ២. នីតិសាស្ត្រក្នុងវិស័យកីឡាអេឡិចត្រូនិក ៣.ច្បាប់ប្រឆាំងសារធាតុហាមឃាត់ Anti Doping ៤. ក្របខណ្ឌការងារ និងបទបញ្ជានៃការប្រកួតរបស់អាជ្ញាកណ្តាលជាតិ និង៥. ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។
លោកអគ្គលេខាធិការបានឲ្យបញ្ជាក់ថា សមាជិកដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលចៅក្រម-អាជ្ញាណ្តាលកម្រិតមូលដ្ឋាននេះចំនួន៣៩រូបក្នុងនោះ គ្រូឧទ្ទេស៨រូប និងសិក្ខា៣១ដែលមានស្ត្រី៥រូប។

គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងដើម្បីដើរលើផ្លូវបង្កើនធនធានមនុស្សជាកត្តាសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡានៅក្នុងប្រទេសកម្ពុជា។ នេះជាលើកដំបូងហើយដែលសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជារៀបចំឲ្យមានវគ្គបណ្តុះបណ្តាលចៅក្រុម-អាជ្ញាកណ្តាលនេះឡើយ។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធ កីឡាអេឡិចត្រូនិកកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល ចៅក្រម-អាជ្ញាកណ្តាល កម្រិតមូលដ្ឋាននេះ។ សិក្ខាកាមទាំងអស់ ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យ បានក្លាយជាធនធានមនុស្ស សំខាន់របស់សហព័ន្ធកីឡា អេឡិចត្រូនិកកម្ពុជា សម្រាប់ចូលរួមធ្វើការងារ ក្នុងព្រឹត្តិការណ៍ ប្រកួតនានា។
នៅក្នុងពិធីបិទ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានពន្យល់បន្ថែមពីអ្វីទៅដែលជាកីឡាអេឡិចត្រូនិក ឬ Esports និងប្រវត្តិនៃការតស៊ូរបស់សហព័ន្ធក្នុងការបញ្ជ្រាបព័ត៌មានដល់អ្នកសារព័ត៌មាន និងមហាជន ឲ្យយល់ច្បាស់ពី Esports ដើម្បីកុំឲ្យយល់ច្រឡំពាក់ព័ន្ធល្បែងស៊ីសង។

ឯកឧត្តម ប្រធានសហព័ន្ធ បានផ្តាំផ្ញើដល់សិក្ខាកាម ទាំងអស់ ឲ្យព្យាយាមសិក្សាស្វែងយល់ និងអនុវត្តបន្ថែមដើម្បីឲ្យយល់ច្បាស់ ពីលក្ខន្តិកៈ និងគោលការណ៍ របស់កីឡាអេឡិចត្រូនិកដើម្បីឆ្ពោះទៅក្លាយជា ចៅក្រុម-អាជ្ញាកណ្តាលកម្រិតខ្ពស់ ទៅតាមជំនាញ នៃវិញ្ញាសានីមួយៗ ៕