ឯកឧត្តម នេត្រ ភក្ត្រា ចាត់ទុកកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុន Yunnan Mobile Digital TV Cooperation និងទូរទស្សន៍ជាតិកម្ពុជា ជាឧទាហរណ៍ល្អមួយ នៃកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងខេត្តយូណាន និងកម្ពុជា ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ

សង្ឃឹមថា ក្រុមហ៊ុនYunnan Mobile Digital TV Cooperation និងទូរទស្សន៍ជាតិកម្ពុជា នឹងបន្ត បង្កើនការគាំទ្រដល់ក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី នៅកម្ពុជា និងដើរតួយ៉ាងសកម្មជាប្រព័ន្ធផ្សព្វផ្សាយ និងរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទពិសោធន៍ទាំងវិទ្យុ និងសោតទស្សន៍ ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ពហុវិស័យ និងស៊ីជម្រៅរវាងខេត្តយូណាន និងប្រទេសកម្ពុជា
កិច្ចប្រជុំម្ចាស់ភាគហ៊ុនលើកទី៦ និង កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៥ នៃក្រុមហ៊ុន ខេមបូឌា ឌីជីធល ធិវី ខូ អិលធីឌី បានធ្វើឡើងដោយផ្ទាល់នៅសាលប្រជុំនៃក្រសួងព័ត៌មាន និង តាមប្រព័ន្ធអនឡាញ Zoom ពីសាលប្រជុំ Yunnan Mobile Digital TV Cooperation ប្រទេសចិន រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឧកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។
កិច្ចប្រជុំនាឱកាសនេះក៏មានការចូលរួមពី ឯកឧត្តម អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា មានប្រសាសន៍ថា. ឆ្នាំនេះ ជាឆ្នាំអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងក៏ជាឆ្នាំមិត្តភាពល្អរវាងកម្ពុជានិងចិនផងដែរ។
ប្រទេសចិន និងប្រទេសកម្ពុជា គឺជាមិត្តដ៏ល្អ និងមាន ប្រពៃណីដ៏ល្អយូរលង់ ដែលចំណងមិត្តភាព នេះគ្មានការប្រែប្រួល និងជឿជាក់ថា នឹងឡើងដល់កម្រិតថ្មីជា បន្តបន្ទាប់ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់រដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលចិន ដែលដឹកនាំដោយ លោកប្រធានរដ្ឋ ស៊ី ជីនភីង ។
ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងថា ខេត្តយូណាន ជាខេត្តមួយ ដែលបានបង្កើតកិច្ចសហប្រតិបត្តិការមិត្តភាពស៊ីជម្រៅក្នុងវិស័យព័ត៌មាន ការ បោះពុម្ពផ្សាយ ទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យផ្សេងៗទៀត។ ជាក់ស្តែង កិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុន Yunnan Mobile Digital TV Cooperation និងទូរទស្សន៍ជាតិកម្ពុជា គឺជាឧទាហរណ៍ល្អមួយ នៃកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងខេត្តយូណាន និងកម្ពុជា ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ។
នៅក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុន Yunnan Mobile Digital TV Cooperation និងទូរទស្សន៍ជាតិកម្ពុជា បានរួមគ្នាបណ្តាក់ទុនបង្កើតក្រុមហ៊ុន ខេមបូឌា ឌីជីថល ជីវិ ខូ អិលធីឌី នៅរាជធានីភ្នំពេញ ដោយនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥ បានសាងសង់ស្ថានីយ៍បញ្ជូនសញ្ញា ឌីជីថល នៅទីក្រុងភ្នំពេញត្រូវបានបញ្ចប់ និងស្ថានីយ៍ បញ្ជូនសញ្ញា ឌីជីថលនៅខេត្តកំពង់ចាម និងបាត់ដំបង ក៏បានដាក់ឱ្យដំណើរការជាបន្តបន្ទាប់។ បើតាមរបាយ ការណ៏ ក្រុមហ៊ុនខេមបូឌា ឌីជីថល ធីវី កំពុងបន្តជំរុញឥតឈប់ឈរនូវអាជីវកម្មគ្រប់ប្រភេទ និងស្វែងរកការ អភិវឌ្ឍចម្រុះ និងរួមបញ្ចូលគ្នា ហើយចាប់ពីឆ្នាំ២០២២ ក្រុមហ៊ុនបានចាប់ផ្ដើមស្វែងរក និងពង្រីកអាជីវកម្ម OTT ថ្មី។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា សង្ឃឹមថា ក្រុមហ៊ុនYunnan Mobile Digital TV Cooperation និងទូរទស្សន៍ជាតិកម្ពុជា នឹងបន្ត បង្កើនការគាំទ្រដល់ក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី នៅកម្ពុជា និងដើរតួយ៉ាងសកម្មជាប្រព័ន្ធផ្សព្វផ្សាយ និងរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទពិសោធន៍ទាំងវិទ្យុ និងសោតទស្សន៍ ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ពហុវិស័យ និងស៊ីជម្រៅរវាងខេត្តយូណាន និងប្រទេសកម្ពុជា។
ក្រសួងព័ត៌មាន ជឿជាក់លើកិច្ចសហប្រតិបត្តិការនេះ និងសង្ឃឹមថានឹងត្រូវបានពង្រឹងបន្ថែមទៀត ពាក់ព័ន្ធ នឹងការផ្លាស់ប្តូរកម្មវិធីផ្សាយ ការថតកុន និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជាដើម ៕
អត្ថបទ-រូបភាព៖ ទទក