រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤២

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤២ នៅទីស្តីការក្រសួង រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ។
នាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម នៃអគ្គនាយកដ្ឋានកិច្ចការសាសនា នៃក្រសួងធម្មការ និងសាសនាបានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះជាជំនាន់ទី៤២ ដោយមានការចូលរួមពីសំណាក់សិក្ខាកាមអាចារ្យចំរុះ រាជធានី/ខេត្ត ទូទាំងប្រទេសមានចំនួន ២០៧រូប ក្នុងនោះអាចារ្យកាន់ពេលាការ ៥១រូប, អាចារ្យយោគី ២៥រូប, អាចារ្យសម្រាប់វត្ត ១០៥រូប, ព្រះសង្ឃ១៧អង្គ និងស្រី១០នាក់។ ឯកឧត្តមបានបន្តទៀតថា វគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤២នេះ ប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ មានគ្រូឧទ្ទេសចំនួន ១១រូប ព្រមទាំងបានចែកចេញជា ១១មុខវិជ្ជាផងដែរ។
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៏ថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ណាស់ ចំពោះតួនាទីអាចារ្យជំនាញ ឲ្យត្រូវនឹងទម្រង់បែបបទត្រឹមត្រូវ ទៅតាមទំនៀមទំលាប់ប្រពៃណីរបស់យើង។ ក្នុងនោះ ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់ថា តួនាទីជាអាចារ្យ មិនមែនចេះតែធ្វើតាមការយល់តៗគ្នាទេ ពោលគឺត្រូវរៀនវគ្គបណ្តុះបណ្តាលរបស់ក្រសួងធម្មការ និងសាសនា តាមក្បួនបុរាណខ្មែរ ទើបពេញលេញជាអាចារ្យខ្មែរ ។
ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា សង្ឃឹមថា តាមរយៈវគ្គបណ្តុះបណ្តាល ដែលមានគ្រូឧទ្ទេសជំនាញនេះ សូមអាចារ្យគ្រប់ទំរង់ប្រឹងប្រែង ក្រេបយកនៅចំណេះដឹងបន្ថែម ពិសេសចាត់នៅជំនាញឲ្យបានច្បាស់លាស់របស់ខ្លួន ដើម្បីធ្វើការផ្សព្វផ្សាយ និងសូមយកទៅអនុវត្តតាមប្រពៃណី ជូនបងប្អូនប្រជាពលរដ្ឋខ្មែរយើង។
ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី សូមប្រគេនពរ និងជូនពរដល់សិក្ខាកាម ២០៧រូប ក្នុងនោះមានអាចារ្យកាន់ពេលាការ ៥១រូប, អាចារ្យយោគី ២៥រូប, អាចារ្យសម្រាប់វត្ត ១០៥រូប, ព្រះសង្ឃ ១៧អង្គ និងស្រី ១០នាក់ នៅពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាត និងសូមប្រកាសបើក នៅវគ្គបណ្តុះបណ្តាល ស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤២ តទៅប្រកបដោយជោគជ័យ ៕