ឯកឧត្តម ឈិន កេតនា បើកកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ខួបលើកទី ៣០ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា និងពិធីអបអរសាទរទិវារំលឹកខួប ៣០ ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

ព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣ នៅសាលប្រជុំគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបើកកិច្ចប្រជុំអន្តរក្រសួង ក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ខួបលើកទី ៣០ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា និងពិធីអបអរសាទរទិវារំលឹកខួប ៣០ ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។

ទិវាសន្តិភាពអន្តរជាតិ ឬទិវាសន្តិភាពពិភពលោក ប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ២១ ខែកញ្ញា ដែលបង្កើតឡើងដើម្បីឧទ្ទិសដល់ការពង្រឹងឧត្តមគតិនៃសន្តិភាពក្នុងចំណោមប្រជាជាតិនិងប្រជាជនទាំងអស់។ នៅឆ្នាំ ១៩៨១ មហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសថ្ងៃអង្គារទី ៣ នៃខែកញ្ញាជាទិវាសន្តិភាពអន្តរជាតិ។ គោលបំណងនៃទិវានេះគឺដើម្បីពង្រឹងឧត្តមគតិសន្តិភាពនៅជុំវិញពិភពលោក។ ពីរទសវត្សរ៍បន្ទាប់ពីបង្កើតទិវានៃការគោរពនេះនៅឆ្នាំ ២០០១ សភាបានផ្លាស់ប្ដូរកាលបរិច្ឆេទដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ២១ ខែកញ្ញាវិញ។ ក្នុងនោះសម្រាប់ខែកញ្ញានេះ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា និងពិធីអបអរសាទរទិវារំលឹកខួប ៣០ ឆ្នាំនៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺសុទ្ធសឹងតែជាទិវាជាតិដ៏មានសារៈសំខាន់ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ បានលើកឡើងអំពីខ្លឹមសារនៃផែនការណែនាំនីមួយៗ ជូនអង្គប្រជុំអោយបានជ្រាប និង បានឯកភាពជាគោលការណ៍ធ្វើការកំណត់បែងចែកភារកិច្ចជូនក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន សម្រាប់អនុវត្តន៍ ។

ឯកឧត្តម មានប្រសាសន៍បន្តថា ការរៀបចំពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៣ នៅសាលមហោស្រព និងពិព័រណ៍កោះពេជ្រ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ដោយឡែកសម្រាប់ក្រសួងព័ត៌មាន គឺមានភារកិច្ចក្នុងការណែនាំបណ្ដាញឃោសនាទាំងវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន អ្នកយកព័ត៌មាន តាមដានស្វែងយល់ស្រាវជ្រាវខ្លឹមសារ និងសកម្មភាពនៃទិវាជាតិ ណែនាំអ្នកយកព័ត៌មាន និងទូរទស្សន៍ជាតិ ចុះយកព័ត៌មានថតសកម្មភាពពីដំណើរការប្រព្រឹត្តទៅនៃពិធីបុណ្យ ដើម្បីផ្សព្វផ្សាយបានទូលំទូលាយជូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសឱ្យបានយល់ជ្រួតជ្រាប។

មុននឹងបញ្ចប់ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានសំណូមពរឲ្យសមាជិកសមាជិកាអង្គប្រជុំទាំងអស់ រាយការណ៍ជូនថ្នាក់ដឹកនាំអោយបានជ្រាបនិងចាត់តាំងអនុវត្តឲ្យទទួលបានលទ្ធផលល្អប្រសើរនិងជោគជ័យបំផុត។