លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងគម្រោងសិក្សាស្រាវជ្រាវរាជវាំងនៅអង្គរ និងគម្រោងអភិរក្ស និងជួសជុលគោបុរៈទី១ ទី២ និងទី៣ នៅប្រាសាទព្រះវិហារ

ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ជំនួបរវាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្តម លី ឈុន អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅក្នុងអំឡុងកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៥ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
នៅក្នុងជំនួបនោះ លោកជំទាវរដ្ឋមន្រ្តី បានរំលឹកឡើងអំពីមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលមានតាំងពីសម័យអង្គរ ហើយត្រូវបានលើកកម្ពស់តាមរយៈ សម្តេចព្រះបរមរតនកោដ នរោត្តម សីហនុ និងក្រោយមកដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបានបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរ ក៏បានលើកឡើងអំពីការចូលរួមរបស់ភាគីចិន នៅក្នុងការងារអភិរក្ស និងជួសជុលប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ នៅតំបន់អង្គរ ហើយស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងគម្រោងសិក្សាស្រាវជ្រាវរាជវាំង នៅអង្គរ និងគម្រោងអភិរក្ស និងជួសជុលគោបុរៈទី១ ទី២ និងទី៣នៅប្រាសាទព្រះវិហារ។ ជាមួយគ្នានោះ ភាគីចិនក៏បានសន្យាថានឹងពិនិត្យលទ្ធភាពក្នុងការជួយកម្ពុជា លើកកម្ពស់ឧស្សាហកម្មច្នៃប្រឌិតវប្បធម៌ នៅពេលអនាគត។ នៅទីបញ្ចប់ ភាគីទាំងពីរ បានឯកភាពគ្នាបង្កើតក្រុមការងាររួមមួយដើម្បីជម្រុញទំនាក់ទំនងការងារ ឲ្យកាន់តែមានប្រសិទ្ធិភាព នៅពេលអនាគត។