ឯកឧត្តម ជា សុមេធី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមនុស្សគ-ថ្លង់កម្ពុជាលើកទី១១ និងអន្តរជាតិលើកទី៦៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “បរិយាបន្នការងារសម្រាប់មនុស្សគ-ថ្លង់ ដើម្បីការអភិវឌ្ឍ

ពិធីអបអរសាទរទិវាមនុស្សគ-ថ្លង់កម្ពុជាលើកទី១១ និងអន្តរជាតិលើកទី៦៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “បរិយាបន្នការ ងារ សម្រាប់មនុស្សគ-ថ្លង់ ដើម្បីការអភិវឌ្ឍ បានប្រារពធ្វើនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវ ជា ផល្គុន នាទីស្តីការក្រសួង។

ការរៀបចំទិវានេះឡើង គឺជាការផ្តល់ឱកាសជួបជុំគ្នាក្នុងមួយឆ្នាំម្តងរវាងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងបងប្អូនកូនក្មួយមនុស្សគ-ថ្លង់ ដែលជាការបង្ហាញអំពីការផ្តល់សិទ្ធិក្នុងការចូលរួមដោយឥតរើសអើង និងជាការលើកស្ទួយតម្លៃមនុស្សគ-ថ្លង់ ពិសេសធ្វើយ៉ាងណាឱ្យមានបរិយាបន្នការងារសម្រាប់មនុស្សគ-ថ្លង់ ស្របតាម ប្រធានបទក្នុងទិវានេះ ដែលជាការគិតគូរពីឧត្តមប្រយោជន៍របស់មនុស្ស គ-ថ្លង់នៅកម្ពុជា។ រាជរដ្ឋាភិបាលបានយល់ច្បាស់ពីតម្រូវការ បញ្ហាប្រឈមនានារបស់ជនមានពិការភាព ជាពិសេសបងប្អូន កូនក្មួយ ក្រុមគ្រួសារមនុស្សគ-ថ្លង់។ឈរលើបរិការណ៍ និងស្មារតីទទួលខុសត្រូវនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលគ្របដណ្តប់ទៅលើកិច្ចការងារអាទិភាពជាច្រើន ក្នុងនោះវិស័យពិការភាពក៏ត្រូវបានចាត់ទុក ជាចក្ខុវិស័យរយៈពេលវែងសម្រាប់អភិវឌ្ឍ ដែលជាផ្នែកមួយនៃប្រព័ន្ធគាំពារសង្គម។

តាមការស្រង់ស្ថិតិ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ក្នុងឆ្នាំ២០២២កន្លងទៅ ជនមានពិការភាព ចូល បម្រើការងារក្នុងក្រសួងស្ថាប័ន រដ្ឋចំនួន៣៧ មានជនមានពិការភាពចំនួន ៣ ៧៤៨ នាក់ ក្នុងនោះស្រ្តីមាន ពិការភាពចំនួន ៨៦២នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២ ២៦០នាក់ បើគិតជាភាគរយ ២.០១%។ ដោយឡែក វិស័យឯកជនរួមមាន៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និង រោងចក្រ ដែលបានប្រកាសចុះបញ្ជី និង ទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ទូទាំងប្រទេសមានចំនួន ២៩១ គ្រឹះស្ថាន រោងចក្រ សហគ្រាស ដែលមានជនមានពិការភាពចូលបម្រើការងារ ចំនួន ៥ ៨៣៩នាក់ ស្ត្រីមានពិការភាព ៣ ៨៣៦នាក់ សរុបទាំងស្ថាប័នរដ្ឋនិងវិស័យឯកជនទូទាំងប្រទេសមានចំនួនជនមានពិការភាព ៩៥៨៧នាក់កំពុងបម្រើការងារ៕