កីឡាករចំបាប់កម្ពុជា ស៊ូ បាលី នៅមានឱកាសឈ្នះមេដាយសំរឹទ្ធជើងឯកពិភពលោក និងអាចមានឈ្មោះចូលប្រកួតកីឡាអូឡាំពិក នៅបារាំង ២០២៤

ម្ចាស់មេដាយមាសចំបាប់ស៊ីហ្គេម ២០២៣ កីឡាករជម្រើសជាតិកម្ពុជា ស៊ូ បាលី កំពុង ស្វះស្វែងឱកាសល្អៗ ក្នុងការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៣ នៅប្រទេសស៊ែរប៊ី ដោយស៊ូ បាលី នៅតែមានឱកាសឈ្នះមេដាយសំរឹទ្ធ និងនៅមានឱកាសមានឈ្មោះ ចូលរួមប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉ារីស ប្រទេសបារំាង នាឆ្នាំ២០២៤។

លោក ខេស៊ី បាណេត ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ និងជាអនុ ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ដែលកំពុងដឹកនាំកីឡាករ ស៊ូ បាលី ចូលរួមប្រកួត កីឡាចំបាប់ជើងឯកពិភពលោក នៅប្រទេសស៊ែរប៊ីបានគូសបញ្ជាក់មកថា កីឡាករ កម្ពុជា ស៊ូ បាលី បានប្រកួតចាញ់កីឡាករ Geno Petriashvili មកពីប្រទេសហ្ស៊កហ្ស៊ី ដែលជាម្ចាស់មេដាយមាសកីឡាអូឡាំពិក ឆ្នាំ២០២០ នៅប្រទេសជប៉ុន ក្នុងលទ្ធផល បច្ចេកទេស ៩ទល់៣ កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

ស៊ូ បាលី ជាំកីឡាករ ចំបាប់របស់ កម្ពុជា បាន ទទួល សិទ្ធិ ក្នុង ការ ប្រកួត លើក ទី ពីរ នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ កីឡាករ ស៊ូ បាលី នៅតែមានឱកាសឈ្នះមេដាយសំរឹទ្ធ ឬជាប់ចំណាត់ ថ្នាក់កំពូលទាំង៥ ដើម្បីមានឱកាសមានឈ្មោះទៅប្រកួតកីឡាអូឡាំពិក នៅទីក្រុង បារីស ប្រទេសបារាំង នាឆ្នាំ២០២៤ខាងមុខ។

លោក ខេស៊ី បាណេត បានសង្កត់ធ្ងន់ថា លទ្ធផលប្រកួតរបស់ស៊ូ បាលី ជាមួយនឹងកីឡាករហ្ស៊កហ្ស៊ី ដែលជាម្ចាស់មេដាយមាសកីឡាអូឡាំពិក គឺជាលទ្ធផល មួយមិនអាក្រក់នោះទេ គឺកម្ពុជាធ្វើបានលទ្ធផលល្អគ្រាន់បើ ដោយសារកម្ពុជាបានប៉ះ ប្រកួតដំបូងជាកីឡាករខ្លាំង ក្នុងប្រភេទកីឡាអូឡាំពិក ដែលជាម្ចាស់មេដាយមាស កីឡា អូឡាំពិក។

លោកបានអះអាងថា នេះជាលើកទីមួយហើយដែលកីឡាករ ចំបាប់ កម្ពុជាបានចូលរួម ប្រកួតជើងឯកពិភពលោក ហើយតាមរយៈការចូលរួមកម្រិតពិភព លោក ជាលើកដំបូងនេះនឹងកសាងកំណត់ត្រាថ្មីៗ សម្រាប់ឱកាសក្នុងកម្រិតពិភព លោក នាពេលខាងមុខទៀត។ គួរបញ្ជាក់ថា កីឡាករកម្ពុជា ស៊ូ បាលី នឹងត្រូវបន្តប្រកួតនៅវេលាម៉ោង ៣:៣៨ នាទី (ម៉ោងនៅកម្ពុជា) ល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយកីឡាកររុស្ស៊ី Kurannov លើប្រភេទទម្ងន់ ១២៥គីឡូក្រាម៕