ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នាំយកអង្ករចំនួន ៤ តោន អំណោយ ឯកឧត្តម ខៀវ កាញារីទ្ធ សមាជិករដ្ឋសភាមណ្ឌលកំពង់ចាម និងលោកជំទាវ ខៀវ ទេព រង្សុី កាញារីទ្ធ ជូនដល់ អង្គការលើកស្ទួយប្រជាពលរដ្ឋ

អង្ករចំនួន ៤ តោន ជាអំណោយ ឯកឧត្តម ខៀវ កាញារីទ្ធ សមាជិករដ្ឋសភាមណ្ឌលកំពង់ចាម និងលោកជំទាវ ខៀវ ទេព រង្សុី កាញារីទ្ធ ត្រូវបាន ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នាំយកទៅប្រគល់ជូនដល់ អង្គការលើកស្ទួយប្រជាពលរដ្ឋ ដើម្បីជួយដល់កុមារក្រីក្រ ដែលកំពុងស្នាក់នៅសិក្សាក្នុងសាលាបឋមសិក្សា និងមធ្យមសិក្សា អង្គការលើក ស្ទួយប្រជាពលរដ្ឋ ស្ទឹងមានជ័យ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ។
អ្នកស្រី នួន ភីមាន នាយកប្រតិបត្តិអង្គការលើកស្ទួយប្រជាពលរដ្ឋ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី ដែលបានឧបត្ថម្ភអង្ករចំនួន ១តោន ជារៀងរាល់ខែ ចាប់តាំងពីឆ្នាំ២០១៥ រហូតដល់ដំណាច់ឆ្នាំ២០២៣ នេះ សម្រាប់ចូលរួមចំណែកជួយដល់កុមារក្រីក្រ កំពុងស្នាក់នៅសិក្សារៀនសូត្រ នៅក្នងសាលាដែលបានផ្តល់ការរៀនសូត្រ និងផ្តល់ អាហារព្រឹក ថ្ងៃត្រង់ ដល់សិស្សានុសិស្សជាកុមារក្រីក្ររស់នៅគំនរសម្រាម ម្តុំស្ទឹងមានជ័យ កុមារនៅតាមសហគម៍ក្រីក្រ បានមកទទួលចំណេះនិងជំនាញ ។
ឯកឧត្តម និងលោកជំទាវ លោកទាំងពីរ តែងតែផ្តល់ក្តីស្រឡាញ់មេត្តា គាំទ្រការរៀនសូត្ររបស់ទំពាំងជំនាន់ក្រោយជានិច្ច រួមមានទាំងកុមារពិការភាពនិងកុមារកំព្រាដែលរស់នៅតាមមណ្ឌលនានា ។
អ្នកស្រី នួន ភីមាន ក្នុងនាមកូនៗជាការកំព្រាទាំងអស់រស់នៅ អង្គការលើកស្ទួយប្រជាពលរដ្ឋ សូមគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងឱកាសថ្ងៃចម្រើនជន្មាយុគម្រប់ខួប ៧១ ឈានចូល៧២ ឆ្នាំ សូមប្រសិទ្ធិពរជ័យសិរីមង្គល វិបុលសុខ ជ័យជម្នះគ្រប់ភារកិច្ច និងសូមឱ្យសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ។
ឯកឧត្តម ឡុង សេង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្សុី ជូនចំពោះ ថ្នាក់ដឹកនាំ បុគ្គលិក ពិសេសកូនៗជាកុមារកំព្រាក្រីក្រ ដែល កំពុងសិក្សារៀនសូត្រនៅក្នុង សាលាបឋមសិក្សា និងមធ្យមសិក្សា អង្គការ លើកស្ទួយប្រជាពលរដ្ឋ ស្ទឹងមានជ័យ ។ តាមរយៈនេះ ឯកឧត្តម ផ្តាំផ្ញើដល់កូនៗទាំងថែរក្សាសុខភាពអោយបានល្អ ប្រឹងសិក្សារៀនសូត្រអោយបានពូកែ ដើម្បីកែប្រែអនាគតអោយបានប្រសើររុងរឿង ក្លាយជាសសរទូងប្រទេសជាតិ តាមរយៈធនធានមនុស្សប្រកបដោយចំណេះដឹង និងជំនាញពិតប្រាកដ ៕