លោក ខេស៊ី បាណេត ដឹកនាំក្រុមកីឡាករចំបាប់កម្ពុជា ទៅប្រកួតជើងឯកពិភពលោក

លោក ខេស៊ី បាណេត ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានដឹកនាំកីឡាករចំបាប់ជម្រើសជាតិកម្ពុជា ស៊ូ បាលី ទៅចូលរួមប្រកួតពានរង្វាន់ចំបាប់ជើងឯកពិភពលោកនៅប្រទេសស៊ែប៊ី។

លោក ខេស៊ី បាណេត លើកឡើងថា៖«នេះជាការប្រកួតដំបូងហើយដែលកីឡាករកម្ពុជាបានចូលរួមប្រកួតកីឡាចំបាប់ជើងឯកពិភពលោក»។ កីឡាករ ស៊ូ បាលី ម្ចាស់មេដាយមាសជើងឯកអាស៊ីអាគ្នេយ៍២០២៣ នៅកម្ពុជា និងជាម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងត្រូវប្រកួតជាមួយម្ចាស់មេដាយមាសអូឡាំពិក ឆ្នាំ២០២០ នៅប្រទេសជប៉ុន កីឡាករ Geno Petriashvili មកពីប្រទេសហ្ស៊កហ្ស៊ី។

ការប្រកួតរវាងកីឡាករកម្ពុជាស៊ូ បាលី និង Geno Petriashvili របស់ហ្ស៊កហ្ស៊ី នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១២ និង២១នាទី នៅប្រទេសស៊ែប៊ី ត្រូវនឹងម៉ោងនៅកម្ពុជា ៥ និង២១នាទីល្ងាច។ ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ លោក ខេស៊ី បញ្ជាក់ថាប្រសិនបើកីឡាករកម្ពុជា អាចឈរនៅតារាងចំណាត់ថ្នាក់ Top៥ នោះម្ចាស់មេដាយមាស ស៊ូ បាលី នឹងមានឈ្មោះចូលរួមប្រកួតកីឡាអូឡាំពិក២០២៤ នៅប្រទេសបារាំងបាន។

គួបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០២៣ ធ្វើឡើងនៅប្រទេស ស៊ែប៊ីមានអត្តពលិកចូលរួមប្រមាណ ១០០០នាក់មកពីបណ្តាប្រទេសធំៗក្នុងសកលលោក។ ការប្រកួតប្រព្រឹត្តទៅពីថ្ងៃទី១៥ ខែកញ្ញា តទៅ ដោយមានបីវិញ្ញាសាក្នុងនោះរួមមាន វិញ្ញាសាចំបាប់សេរី(Freestyle), Greco-Roman និង Women’s Wrestling។