អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងអប់រំ យុវជន និងកីឡា ចុះពង្រឹងការងារលើកកម្ពស់សុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា នៅក្រុងស្ទឹងសែន

 

ខេត្តកំពង់ធំ៖ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ធំរៀបចំសិក្ខាសាលាស្តីពីការអប់រំផ្សព្វផ្សាយបង្ការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក គ្រឿងញៀនជំងឺអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍នៅសាលាគរុកោសល្យនិងវិក្រឹតការខេត្តកំពង់ធំ ដែលមានការចូលរួមពីនាយកនាយិកា គ្រូទទួលបន្ទុកសុខភាពសិក្សា សិស្សកាកបាទក្រហម កាយរឹទ្ធិ ក្រុមប្រឹក្សាកុមារនិងយុវជន ចំនួន២៥០នាក់ ស្រី៤៩% មកពីវិទ្យាល័យ៣ ក្នុងក្រុងស្ទឹងសែន។

លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំបានថ្លែងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យអប់រំនិងសុខភាពសិក្សាក្នុងដំណើរការអភិវឌ្ឍន៍ជាតិឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣០ ដែលក្នុងនោះទាំងគ្រូបង្រៀន៥៣១៣នាក់ ស្រី២៧០៥នាក់ សិស្សជាង១៦មុឺននាក់ ស្រី៥៣% ព្រមទាំងមាតាបិតាសិស្ស ពិតជាបានរស់ក្នុងសន្តិភាពនិងសុខភាពល្អ។

ក្នុងនាមឯកឧត្តម ងួន រតន: អភិបាលខេត្ត និងជាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ធំ ក្នុងឱកាសនោះ លោក លី វ៉េត អភិបាលរង បានថ្លែងថាគ្រឿងញៀនជាកត្តាបង្កគ្រោះថ្នាក់ធនធានមនុស្សនិងសង្គមជាតិ ហើយសំណូមពរដល់សមត្ថកិច្ចគ្រប់ផ្នែកក្នុងសហគមន៍បន្តចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងទិសស្លោក៣កុំ ១រាយការណ៍ ដោយមិនត្រូវផ្សំគំនិតលាក់បាំងអ្នកប្រើប្រាស់និងឈ្មួញគ្រឿងញៀន រកអន្តរាគមន៍ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនបានទាន់ពេល។

ថ្លែងក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងអរគុណដល់ក្រសួង អង្គភាពជុំវិញខេត្ត ដែលបានខិតខំអនុវត្តបាននូវយុទ្ធសាស្រ្តពហុវិស័យ និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នាំសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ថ្លែងក្នុងនាម ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណនិងកោតសសើរ និងបន្តរួមគ្នារបស់លើកកម្ពស់សុខភាពសិក្សាជូនដល់អ្នកអប់រំ និងអ្នកសិក្សានៅទូទាំងខេត្ត ក្នុងដំណើរអភិវឌ្ឍនិងប្រែក្លាយធនធានមនុស្សឲ្យទៅជាមូលធនធនមនុស្សដែលមានសម្បទាទាំង៥យ៉ាងរឹងមាំ នោះគឺចំណេះដឹងសម្បទា បំណិនសម្បទា កាយសម្បទា ចរិយាសម្បទា និងស្មារតីស្នេហាជាតិសម្បទា។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត និងអង្គសិក្ខាសាលាបានអរគុណដល់រាជរដ្ឋាភិបាលដែលបានផ្តល់សុខសន្តិភាពនៅទូទាំងប្រទេស«សូមអរគុណសន្តិភាព» និងអរគុណដល់កងកម្លាំងសមត្ថកិច្ចដែលបានបង្រ្កាបចរាចរណ៍គ្រឿងញៀននិងចាប់រឹបអូសគ្រឿងញៀនមកបំផ្លាញចោលមិនឲ្យជ្រាបចូលដល់សហគមន៍ និងសូមឱ្យយកខ្លឹមសារដែលទទួលបានពីសិក្ខាសាលាដើម្បីយកទៅផ្សព្វផ្សាយបន្តដល់មនុស្សជាទីស្រឡាញ់។ មន្រ្តីសុខភាពសិក្សាសូមបន្តធ្វើការពិនិត្យតាមដានលើការលើកកម្ពស់សុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា និងធ្វើសេចក្តីរាយការណ៍ពីលទ្ធផលនៃការងារនេះផងដែរ។