រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើដល់ដល់សមាគម ជប៉ុន កម្ពុជា ជួយផ្សព្វផ្សាយព័ត៌មាន អំពីប្រទេសកម្ពុជា ជាភាសាជប៉ុន ដើម្បីអោយប្រជាជនជប៉ុន បានឃើញដឹងនូវអ្វីដែលកើតមានឡើងពិតប្រាកដនៅកម្ពុជា

 

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើដល់ដល់សមាគម ជប៉ុន កម្ពុជា ជួយផ្សព្វផ្សាយព័ត៌មាន អំពីប្រទេសកម្ពុជា ជាភាសាជប៉ុន ដើម្បីអោយប្រជាជនជប៉ុន បានឃើញដឹងនូវអ្វីដែលកើតមានឡើងពិតប្រាកដនៅកម្ពុជា

នេះការលើកឡើងរបស់ ឯកឧត្តម រដ្ឋមន្រ្តី ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា និង លោក Kazunori Kato អនុប្រធានសមាគមជប៉ុនកម្ពុជា និងគណៈប្រតិភូជប៉ុន នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នា ទីស្តីការក្រសួងព័ត៌មាន ។
ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់ពីកិច្ចសហការរវាងក្រសួងព័ត៌មាន ជាមួយសមាគមជប៉ុន កម្ពុជា ពាក់ពន្ធ័ច្រើនផ្នែក សម្រាប់ការផ្សព្វផ្សាយពីតូនាទី របស់អ្នកវិនិយោគទុនជប៉ុននៅកម្ពុជា និងផ្សាយព័ត៌មានពី្រទេសកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដើម្បីអោយប្រជាជនជប៉ុន បានដឹងបានកាន់តែច្រើន ។
កន្លងមកនេះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន ធ្លាប់ បានលើកជាសំណើទៅកាន់ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អំពីការផ្តល់ម៉ោង ពេលវេលាក្នុងការផ្សព្វផ្សាយភាសាជប៉ុន នៅស្ថានីយ៍វិទ្យុជាតិកម្ពុជា ព្រោះកន្លងមកនេះមានការផ្សាយជាភាសាបារាំង អង់គ្លេស ចិន អារ៉ាប់ ដូច្នេះបើមាន ការផ្សាយជាភាសាជប៉ុន បន្ថែមទៀត គឺជាការចូលរួមផ្សព្វផ្សាយនូវព័ត៌មាន ទៅកាន់ប្រជាជនជប៉ុន ដែលចង់ដឹងពីកម្ពុជា ពិសេសចង់អោយអ្នកវិនិយោគទុន និងភ្ញៀវទេសចរជប៉ុន ដែលមកកម្ពុជា បានយល់ដឹងជាមុនតាមរយៈព័ត៌មានជាតិ យល់ពី វិស័យសេដ្ឋកិច្ច ដែលកម្ពុជាមានសក្តានុពលខ្ពស់ ។
ឯកឧត្តម រដ្ឋមន្រ្តី ស្នើដល់សមាគមជប៉ុន កម្ពុជា ជួយសហការជាមួយផ្នែកឯកជន ជាពិសេសក្រុម ហ៊ុនជប៉ុន ចូលរួមគាំទ្រ ផ្សព្វផ្សាយ ព័ត៌មានផ្សេងៗ ដែលជាគោលដៅសំខាន់ដើម្បីធ្វើយ៉ាងណាផ្សាយអំពីការវិនិយោគរបស់ជប៉ុន ការជួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅក្នុងប្រទេសកម្ពុជា ផ្សាយអោយប្រជាជនបានដឹងកាន់តែទូលំទូលាយបន្ថែមទៀត ។
ចំពោះការចង់អោយមានកម្មវិធីផ្សាយជាភាសាជប៉ុននេះដែរ ក៏ជាចង់អោយមានការបើកទូលាយ ទៅដល់ប្រជាជនកម្ពុជា អោយទទួលបានចំណេះដឹងការសិក្សាភាសាបរទេស ក្រៅពីជម្រើសភាសាបារាំង អង់គ្លេស ចិន ភាសាផ្សេងៗ តែភាសាជប៉ុន ជាជម្រើសសម្រាប់បំពេញកិច្ចការងារ ជាចំណេះដឹង ការទាក់ទាញវិនិយោគជប៉ុនមកកម្ពុជា ។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន គាំទ្រអោយមាន ការបង្កើតការិយាល័យតំណាង សមាគមជប៉ុនកម្ពុជា នៅក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនជប៉ុន អោយបានច្រើនមកធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ។
ជាមួយនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសំដែងនូវការអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់នូវការគាំទ្រនូវជំនួយផ្សេងៗ ដើម្បីស្ថារកសាងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ពន្ធ័នៅក្នុងប្រទេកម្ពុជា អោយមានភាពរីកចម្រើនរហូតមកដល់ពេលនេះ ។ តាមរយៈនេះ ឯកឧត្តម មានជំនឿថា ប្រទេសជប៉ុន នឹងបន្តគាំទ្រជួយដល់ប្រទេសកម្ពុជាបន្ថែមទៀត និងជម្រុញលើកទឹកចិត្តដល់អ្នកវិនិយោគជប៉ុនមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត ។
ឯកឧត្តម រដ្ឋមន្រ្តី បានសំដែងនូវការចូលរួមអបអរសាទរចំពោះចំណងការទូត ៧០ ឆ្នាំរវាង កម្ពុជា ជប៉ុន ហើយសូមជូនពរអោយចំណងមិត្តភាព ការទូតនេះកាន់តែរឹងមាំបន្តទៅមុខទៀត ក្នុងភាពជាដៃគូរគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក្នុងការផ្សារភ្ជាប់រវាង ប្រជាជនកម្ពុជស និងប្រជាជនជប៉ុន តាមរយៈនៃការផ្សព្វផ្សាយកម្មវិធីផ្សេងៗ ៕