រដ្ឋមន្ត្រីក្រសួងព័ត៌មាន ណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវផ្ដោតសំខាន់ទៅលើខ្លឹមសារ នៃអត្ថបទ ដែលមានគុណភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ

 

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវផ្ដោតសំខាន់ទៅលើខ្លឹមសារ នៃអត្ថបទ ដែលមានគុណភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ នេះជាប្រសាសន៍លើកឡើង នៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសេវាព័ត៌មានអប្សរា Apsara Media Service AMS និងគណៈគ្រប់គ្រង ប្រពន្ធ័ផ្សពផ្សាយ AMS នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែង អំណរគុណចំពោះ ក្រុមហ៊ុន AMS ដែលបានដើរ នាទីសំខាន់នៅក្នុងការផ្ដល់ព័ត៌មានទៅឱ្យសាធារណជន ដែលមានគុណភាពល្អ ទាំងរូបភាព ទាំងខ្លឹមសារ ជាការរួមចំណែកធ្វើឱ្យប្រជាពលរដ្ឋខ្មែរគឺទទួលបាននូវព័ត៌មាន ដែលមានខ្លឹមសារល្អៗ ពាក់ព័ន្ធជាមួយ ព័ត៌មានអប់រំ សេដ្ឋកិច្ច បរិស្ថាន នយោបាយ ប្រវត្តិសាស្ត្រផ្សេងៗ ជាភាពសម្បូរបែបនៃខ្លឹមសារសម្រាប់ការផ្សព្វផ្សាយទៅដល់សាធារណជន។
ឯកឧត្តម ក៏បានជម្រុញ និងលើកទឹកចិត្តឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជាពិសេសប្រពន្ធ័ផ្សព្វផ្សាយ AMS ត្រូវបង្កើននូវការងារផ្សាយឱ្យបានទូលំ ទូលាយបន្ថែមទៀត ព្រោះបច្ចុប្បន្ននេះប្រជាពលរដ្ឋ គឺមានចំណេះដឹងខ្ពស់ ដែលត្រូវធ្វើឲ្យព័ត៌មាន របស់យើងប្រកបដោយគុណភាពខ្ពស់ ។
ដូចនេះ សូមឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ផ្តោតសំខាន់ទៅលើគុណភាពអត្ថបទ និងគុណភាព សារព័ត៌មាន ដែលសំដៅទៅលើការផលិតនៅព័ត៌មានដែលមានគុណភាពសម្រាប់ជាប្រយោជន៍ដល់ប្រជាជន ដល់អ្នកអាន ។
ឯកឧត្តម បន្ដថា ក្រសួងព័ត៌មាន បានផ្ដោតសំខាន់ផងដែរទៅលើការងារបណ្ដុះបណ្ដាលផ្ទៃក្នុងដោយដាក់ឱ្យដំណើរការឡើងវិញនៅមជ្ឈម ណ្ឌលវិក្រិត្យការសារព័ត៌មាន ដែលនឹងដើរតួនាទីសំខាន់នៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផ្ទៃក្នុង ហើយក៏បើកចំហរសម្រាប់អ្នកសារព័ត៌មាន មកពីស្ថាប័នផ្សព្វផ្សាយផ្សេងៗទៀតដែលចង់បញ្ជូនបុគ្គលិកមកធ្វើការបណ្ដុះបណ្ដាល បន្ថែមចំណេះដឹង ដើម្បីអោយការរាយការណ៍ព័ត៌មាន មានកំរិតស្តង់ដាល្អ ។
ក្នុងឱកាសនោះដែរ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសេវាព័ត៌មានអប្សរា AMS បានគោរពជូនពរ ឯកឧត្តម នេត្រ ភក្ត្រា ដែលឡើងកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងអាណត្តិទី ៧ និងសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់ក្រសួងព័ត៌មាន ដល់ AMS នាពេលកន្លងមកនេះ ។
តាមរយៈកិច្ចពិភាក្សាការងារនេះដែរ លោកជំទាវ ឌិត នីតា បានបញ្ជាក់ថា នឹងនៅតែបន្ដពង្រឹងការផ្សព្វផ្សាយព័ត៌មាន ដែលមានគុណភាពល្អ ទាំង រូបភាព ទាំងខ្លឹមសារ ទៅឱ្យសាធារណៈជន៕

អត្ថបទ-រូបភាព៖ ទទក