ក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ១៥ពីប្រទេសឥណ្ឌាស្វែងរកឱកាសសហការជាមួយភាគីកម្ពុជា

 

ក្នុងកំឡុងពេលចាប់ផ្ដើមនៃ រាជរដ្ឋាភិបាលថ្មីអាណត្តិទី ៧នេះ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានជួយសម្របសម្រួលដឹកនាំ ក្រុមហ៊ុនបច្ចេកវិទ្យានៅប្រទេសឥណ្ឌា ចំនួន១៥ក្រុមហ៊ុន មកស្វែងដៃគូសហការជាមួយភាគីក្រុមហ៊ុននៅកម្ពុជា។ ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៣។
ក្រុមហ៊ុនឥណ្ឌាដែលមកស្វែងរក ដៃគូសហការថ្ងៃនេះ គឺផ្តោតលើវិស័យផ្សេងគ្នា ក្នុងនោះមានក្រុមហ៊ុនខ្លះផ្តោតលើបញ្ញាសិប្បនិម្មិត ម៉ាស៊ីនសម្រាប់ការសិក្សា រ៉ូបូត Smart manufacturing, Big Data, វេបសាយ  និងកម្មវិធីទូរស័ព្ទ ថាមពលសូឡា  ហ្វីនតិច បច្ចេកវិទ្យាលើវិស័យកសិកម្ម បច្ចេកវិទ្យាលើវិស័យអប់រំ Blockchain ភាពយន្ត ហ្គេម AR VR LPO BPO Cloud IT Hardware ដ្រូន ឧបករណ៍លើវិស័យប្រព័ន្ធផ្សព្វផ្សាយ បច្ចេកវិទ្យាលើវិស័យសុខាភិបាល និងមានការផ្តោតលើវិស័យជាច្រើនផ្សេងទៀត។
លោក កែវ កក្កដា ជាអ្នកគ្រប់គ្រងនិងអភិវឌ្ឍអាជីវកម្ម នៃក្រុមហ៊ុន The Better Cambodia បានលើកឡើងថា ជំនួបកិច្ចសហការរវាងក្រុមហ៊ុនពីប្រទេសឥណ្ឌា និងក្រុមហ៊ុននៅកម្ពុជានេះ ពិតជាកម្មវិធីដែលមានអត្ថប្រយោជន៍។ លោកលើកឡើងថា ការទទួលបានកិច្ចសហការច្បាស់ជាផ្ដល់នូវចំណេះកាន់តែច្រើនសម្រាប់កម្ពុជា ព្រោះឥណ្ឌាជាប្រទេសមានភាពល្បីលើបច្ចេកវិទ្យា។

សម្រាប់ការជួយសម្របសម្រួលឱ្យកម្មវិធីជំនួបរវាងក្រុមហ៊ុនឥណ្ឌា និងក្រុមហ៊ុននៅកម្ពុជានេះលោកជំទាវឌីវ៉ាយានី គោប្រាកាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក៏បានសម្ដែងការពេញចិត្តនៅពេលឃើញវត្តមានភាគីកម្ពុជាជាច្រើនចូលរួមក្នុងកម្មវិធីនេះ។ លោកជំទាវបន្តថា ស្ថានទូតឥណ្ឌានឹងជួយសម្របសម្រួលភាគីទាំងសងខាង ក្នុងការឈានទៅកិច្ចសហការរួមគ្នា។ លោកជំទាវក៏លើកឡើងផ្ដល់ជាទំនុកចិត្ត សម្រាប់អ្នកវិនិយោគទាំងសងខាងថា រដ្ឋាភិបាលប្រទេសឥណ្ឌា និងរាជរដ្ឋាភិបាលប្រទេសកម្ពុជា គឺមានយុទ្ធសាស្រ្ត ក៏ដូចជាបរិយាកាសនយោបាយល្អ ផ្ដល់ជាប្រយោជន៍សម្រាប់កិច្ចសហការ រួមគ្នារវាងក្រុមហ៊ុននៃប្រទេសទាំងពីរ។