Zillion

ស្រ្តីជាអ្នកកាសែតម្នាក់បានរងរបួស ពេលក្រុមការបាតុករប៉ះទង្គិចគ្នាជាមួយក្រុមប៉ូលីសថៃ អំឡុងពេលកិច្ចប្រជុំកំពូល APEC កំពុងដំណើរការ

Mor Ha Nokor

សកម្មភាពប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងប៉ូលិសថៃ និងក្រុមបាតុករនៅកណ្តាលទីក្រុងបាងកកនៅរសៀលថ្ងៃសុក្រនេះ ខណៈដែលមេដឹកនាំសមាជិក APEC កំពុង ស្ថិតក្នុងកិច្ចប្រជុំកំពូល APECរយៈពេលពីរថ្ងៃ។ ក្រុមប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករ និងបានចាប់ខ្លួនមនុស្សជាច្រើននាក់។ស្ត្រីជាអ្នកកាសែតម្នាក់បានរងរបួសជិតគល់ភ្នែកដោយសារការគប់របស់របររឹងរបស់ក្រុមបាតុករ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។ នៅពេលនេះក្រុមបាតុករកំពុងស្រែកទាមទាររកមូលហេតុជាច្រើន រួមទាំងការបណ្តេញចេញពីតំណែងរបស់លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha និងការលុបចោលនូវច្បាប់ប្រមាថ-បង្ខូចកេរ្តិ៍ឈ្មោះរបស់ព្រះមហាក្សត្រថៃ។ ពួកគេបាននិយាយថាពួកគេចង់ប្រគល់ញាតិមួយច្បាប់ទៅកាន់មេដឹកនាំដែលមកចូលរួមកិច្ចប្រជុំកំពូលAPECនៅថ្ងៃនេះ។ ដោយមេដឹក នាំមកពីប្រទេសនិងដែនដីទាំង 21 បាននឹងកំពុងពិភាក្សាស្តីអំពីសង្គ្រាមនៅអ៊ុយក្រែន ការប្រជែងអំណាច បញ្ហាអតិផរណា ការប្រែប្រួលអាកាសធាតុនិងការទប់ស្កាត់ជំងឺរាតត្បាតជាដើមនៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល APEC ។ សូមបញ្ជាក់ថាប្រទេសមកពីទ្វីបអាមេរិកឡាទីនរួមមានប្រទសឈីលី ម៉ិកស៊ិក និងប៉េរូ។ សមាជិកផ្សេងទៀតមាន អូស្ត្រាលី ប្រ៊ុយណេ កាណាដា ចិន ហុងកុង ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី នូវែលសេឡង់ ប៉ាពួញូហ្គីណេ ហ្វីលីពីន រុស្ស៊ី សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សហរដ្ឋអាមេរិក និងវៀតណាម៕

សម្រួលអត្ថបទ៖សុផារិន្ទ