ឧត្តមសេនីយ៍ឯក លឹម តុងហួត : ក្រសួង ស្ថាប័ន រាជធានី ខេត្ត យកចិត្តទុកដាក់ការងារផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀន

ខេត្តសៀមរាប  : ឧត្តមសេនីយ៍ឯក លឹម តុង ហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ ជម្រាបជូនឲ្យដឹងបែបនេះ នៅក្នុងឱកាសដែលលោកទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះសហការជាមួយ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ក្នុងពិធីប្រណាំងទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃ២៤ វិច្ឆិកា ឆ្នាំ២០២៦ នេះ ដោយមានមហាជនចូលរួមគាំទ្រយ៉ាងច្រើនកុះករ។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី LOLC បានថ្លែងសាទរនូវសកម្មភាពផុលផុសរបស់ក្រុមការងារផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនក៏ដូចជាApp NoDrug  ដល់មហាជន។

ក្នុងនាមឯកឧត្តម ប្រាក់ សោភ័ណ  អភិបាលខេត្ត ក្នុងឱកាសនោះ ឯកឧត្តម សំកុល សុចិត្រា អភិបាលរង ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាបបានឲ្យដឹងថា ការងារប្រឆាំងគ្រឿងញៀនគឺយើងបានធ្វើជារឿយៗដោយមូលដ្ឋានផ្ទាល់និងកិច្ចសហការមន្ត្រីជំនាញថ្នាក់ជាតិ សំដៅរួមគ្នាពង្រឹងសមត្ថភាព ពង្រីកបង្កើតចលនាចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានជម្រាបឲ្យដឹងដែរថា ក្រសួង ស្ថាប័ន រាជធានី ខេត្ត យកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់សាធារណៈជន ហើយមហាជនពិសេសយុវជនមានការចាប់អារម្មណ៍ខ្លាំងទៅលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការចូលរួមទស្សនាស្វែងយល់នៅស្តង់ពិព័រណ៌របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងការទាញយកកម្មវិធីNoDrug ដោយទឹកមុខញញឹមបង្ហាញពីការពេញចិត្តនឹងចូលរួមក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន “យុវជនល្អ ពលរដ្ឋល្អ រួមគ្នាគាំទ្រកំចាត់គ្រឿងញៀន ” “ឃើញស្តង់ពិព័រណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនត្រូវតែចូលកុំឱ្យគ្រឿងញៀនដុតរោលឆេះ ពេញផ្ទះ ” ” រាល់ករណីគ្រឿងញៀនដែលអ្នកបានឃើញមួយគឺរាយការណ៍មួយ ” ហើយការមិនអើពើឬមើលរំលងឃើញអ្នកញៀនគ្រឿងញៀននៅក្នុងផ្ទះឬក្បែរផ្ទះអាចនាំឲ្យមានការល្បួងឱ្យប្រើប្រាស់ដូចគេដែរ។

ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំប្រសាសន៍របស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងអំណរគុណ កោតសសើរ ចំពោះកិច្ចសហការរួមគ្នាទាំងរដ្ឋ និងវិស័យឯកជន ដើម្បីកសាងបាននូវសុវត្ថិភាពសហគមន៍ពីបញ្ហាផ្សេងៗក្នុងនោះមានបញ្ហាគ្រឿងញៀនជាចម្បង។  

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឧត្តមសេនីយ៍ឯក លឹម តុងហួត សូមថ្លែងអំណរគុណចំពោះគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាបដែលបានផ្តល់កិច្ចសហការល្អនិងបណ្ដាក្រសួង ស្ថាប័ន រាជធានី ខេត្ត ដែលបានយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយអប់រំតាមរយៈការដាក់តាំងបដាពាក្យស្លោកប្រឆាំងគ្រឿងញៀន ការផ្ញើសារអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនតាមរយៈពិធីករ ពិធីការិនីប្រណាំងទូក កម្មវិធីកំសាន្តសប្បាយនានា ហើយក៏សូមថ្លែងនូវការអរគុណដល់ការឧបត្ថម្ភគាំទ្រជាវត្ថុអនុស្សាវរីយ៍មាន ៖ កន្រ្តក់ ឆ័ត្រ មួក សៀវភៅ អាវយឺត បន្តោងសោ ផ្លិត ខិត្តប័ណ្ណប្រឆាំងគ្រឿងញៀន ទឹកបរិសុទ្ធ  ។ល។ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ីLOLC  ក្រុមហ៊ុនទូរសព្ទមិត្តហ្វូន  ក្រុមហ៊ុនទេសចរណ៍ឆាយភល និងធូរវើលត្រាវែល និងក្រុមហ៊ុនហ្គេនស្បឺក(Ganzberg)។