សមយុទ្ធយោធារួមគ្នា កម្ពុជា-ចិន «នាគមាសឆ្នាំ២០២៦» បើកជាផ្លូវការនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមយុទ្ធយោធារួមគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ក្រោមឈ្មោះថា «នាគមាសឆ្នាំ២០២៦» ត្រូវបានប្រារព្ធពិធីបើកជាផ្លូវការនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ ដែលជាបញ្ជាការដ្ឋានកងទ័ពជើងទឹកកម្ពុជា ទទួលបានការជួយធ្វើទំនើបកម្មពីភាគីចិន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

ពិធីបើកសមយុទ្ធនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និង ឯកឧត្តម ឧត្តមនាវីទោ លីវ ស៊ូមីន (Liu Sumin) មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹកទីក្រុងក្វាងចូវ នៃកងទ័ពរំដោះប្រជាជនចិន ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំយោធាជាច្រើនរូបទៀត។

សមយុទ្ធ «នាគមាសឆ្នាំ២០២៦» គឺជាការធ្វើសមយុទ្ធលើកទី៨ ហើយរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦។ សមយុទ្ធលើកនេះ ត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយធំជាង ៧លើកកន្លងទៅ ទាំងចំនួនកម្លាំងទ័ព និងសព្វាវុធទំនើបៗ រួមមាន នាវាចម្បាំង យន្តហោះ ដ្រូន រថក្រោះ រថពាសដែកប្រយុទ្ធធុនធ្ងន់ និងរថយន្តយោធាជាច្រើនគ្រឿង។

សមយុទ្ធនេះប្រព្រឹត្តទៅក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងចោរសមុទ្ររួមគ្នា និងការងារមនុស្សធម៌» ដោយផ្តោតសំខាន់លើការងារប្រឆាំងភេរវកម្ម ការងារមនុស្សធម៌ និងការងារសង្គ្រោះគ្រោះមហន្តរាយ។ គោលបំណងចម្បងនៃសមយុទ្ធគឺដើម្បី អភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ផ្លាស់ប្តូរបទពិសោធ និងបង្កើនសមត្ថភាពកម្រិតជំនាញយោធាដល់កងទ័ពទាំងពីរ និងពង្រឹងចំណងមិត្តភាពដែកថែបរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។

 

អត្ថបទ : កញ្ញា មឿន ស្រីមុំ

រូបភាព : លោក ផូង ថៃ