ឯកឧត្តមបណ្ឌិត ជ័យ ចាប ប្តេជ្ញាចិត្តខ្ពស់បន្តដឹកនាំសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជាឱ្យបោះជំហានអភិវឌ្ឍន៍កាន់តែល្អប្រសើរ
ឯកឧត្តមបណ្ឌិត ជ័យ ចាប ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជាអាណត្តិចាស់ទទួលបានការគាំទ្រឱ្យបន្តដឹកនាំសហព័ន្ធអាណត្តិថ្មី ទី៥ ឆ្នាំ២០២៦-២០៣០ តាមរយៈការបោះឆ្នោតទទួលបានសំឡេង១០០%ជាមួយនឹងការដឹកនាំនេះ ឯកឧត្តមបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជ្រោមជ្រែងឱ្យសហព័ន្ធកីឡាជាតិមួយនេះបោះជំហាននៃដំណើរការអភិវឌ្ឍកាន់តែល្អប្រសើរបន្ថែមទៀត។
ការប្តេជ្ញាចិត្តរបស់ឯកឧត្តមបណ្ឌិតប្រធានសហព័ន្ធបានធ្វើឡើងនៅក្នុងមហាសន្និបាត បញ្ចប់អាណត្តិទី IV និងបន្តអាណត្តិទី V (ឆ្នាំ២០២៦-២០៣០) នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមជាសក្ខីភាពពីលោកបណ្ឌិត ហុ ស៊ីកុក ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូពិភពលោក ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងតំណាង NOCC។ មហាសន្និបាតក៏បានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធសរុបចំនួន ១៧រូបផ្សេងទៀតផងដែរ។
ឯកឧត្តមបណ្ឌិត ជ័យ ចាប មានប្រសាសន៍ថា ឆ្លងកាត់តាមរយៈកិច្ចពិភាក្សាយ៉ាងផុសផុល ស្ថាបនា និងការវាយតម្លៃយ៉ាងស៊ីជម្រៅ នាថ្ងៃនេះ អង្គមហាសន្និបាតបានសម្រេចលទ្ធផលយ៉ាងត្រចះត្រចង់។ យើងបានពិនិត្យមើលឡើងវិញនូវរបាយការណ៍បូកសរុបលទ្ធផលការងារវឌ្ឍនភាព របាយការណ៍ហិរញវត្ថុ និងរបាយការណ៍បច្ចេកទេស អាណត្តិទីIV (២០២២-២០២៦) ដែលបានសម្រេចជាឯកឆន្ទ ដោយបង្ហាញឱ្យឃើញពីសមិទ្ធផលភាពរីកចម្រើន ក៏ដូចជាបញ្ហាប្រឈមនានា ដែលជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ជាមូលដ្ឋានគ្រឹះ ក្នុងការបោះជំហានទៅមុខ សម្រាប់វិស័យកីឡាតុងហ្គីលម៉ូដូ អាណត្តិទី៥ ឆ្នាំ២០២៦-២០៣០។
ឯកឧត្តមបណ្ឌិតបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់សមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមផ្តល់យោបល់ និងកសាងផែនការយុទ្ធសាស្ត្រសម្រាប់ អាណត្តិទី៥ ឆ្នាំ២០២៦-២០៣០។ ផែនការយុទ្ធសាស្ត្រថ្មីនេះ មិនត្រឹមតែបន្តវេនពីសមិទ្ធផលចាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកំណត់នូវទិសដៅថ្មី ការច្នៃប្រឌិតថ្មី និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីលើកកម្ពស់គុណ ភាពការងារ ការអភិវឌ្ឍសមត្ថភាពមូលធនធានមនុស្ស និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យ កាន់តែរឹងមាំថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជ័យ ចាប ក៏បានផ្តាំផ្ញើ និងផ្តល់នូវការរំពឹងនូវ៣ចំណុចសំខាន់ៗ រួមមាន៖ ១. ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង៖ សាមគ្គីភាព និងឯកភាពជាធ្លុងមួយ គឺជាកត្តាចម្បងបំផុត ក្នុងការធានាឱ្យបាននូវជោគជ័យនៃផែនការយុទ្ធសាស្ត្រអាណត្តិទី៥ ឆ្នាំ២០២៦-២០៣០។ ២.ការយកចិត្តទុកដាក់អនុវត្តផែនការសកម្មភាព៖ រាល់សេចក្តីសម្រេច និងទិសដៅការងារ ដែលបានអនុម័តថ្ងៃនេះ ត្រូវតែប្រែក្លាយទៅជាសកម្មភាពការងារជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ខ្ពស់ និងមានការទទួលខុសត្រូវ ចំពោះកិច្ចការអភិបាល បច្ចេកទេសខ្ពស់ និងមានវឌ្ឍនភាព។ ៣. ការអភិវឌ្ឍឥតឈប់ឈរ៖ ត្រូវបន្តពង្រឹងការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការកែ ទម្រង់ស្ថាប័នមួយនេះឱ្យស្របតាមការវិវត្តនៃសម័យកាលឌីជីថល និងបរិបទសាកលភាវូបនីយកម្ម ស្របតាមអនុសាសន៍ថ្នាក់ដឹកនាំ ដែលបានលើកឡើងថា ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត៕




