ទិដ្ឋភាពភ្ញៀវទេសចរយ៉ាងច្រើនកុះករនាពេលរាត្រី ទស្សនាការសម្តែងភ្លើង (Fire Show) នៅឆ្នេរខ្សាច់ក្រុងកោះរ៉ុង នាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៦

នារាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលជាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ សន្ទុះភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានសម្រុកទៅលេងកម្សាន្តនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ប្រកបដោយបរិយាកាសអ៊ូអរ និងសប្បាយរីករាយក្រៃលែង។  

ជាក់ស្តែង នៅបរិវេណឆ្នេរខ្សាច់មុខ Onederz Koh Rong ភ្ញៀវទេសចររាប់រយនាក់បានប្រមូលផ្តុំគ្នាអង្គុយ និងឈរទស្សនាយ៉ាងណែនណាន់តាន់តាប់ នូវការសម្តែងសិល្បៈភ្លើង (Fire Show) ដ៏ជក់ចិត្ត និងអស្ចារ្យ។ ក្រុមសិល្បករបានបញ្ចេញក្បាច់រាំគ្រវីភ្លើងយ៉ាងរស់រវើក រួមជាមួយការបាញ់អណ្តាតភ្លើងឡើងលើអាកាស បង្កើតបានជាទស្សនីយភាពដ៏ភ្លឺចិញ្ចាច និងទាក់ទាញ ធ្វើឱ្យភ្ញៀវទេសចរនាំគ្នាទះដៃអបអរសាទរ និងលើកទូរស័ព្ទផ្តិតយករូបភាពទុកជាអនុស្សាវរីយ៍មិនដាច់។  

វត្តមានភ្ញៀវទេសចរដ៏ច្រើនកុះករនាឱកាសឈប់សម្រាកនេះ បានឆ្លុះបញ្ចាំងពីភាពទាក់ទាញនៃតំបន់ឆ្នេរសមុទ្រ និងកោះធម្មជាតិរបស់ខេត្តព្រះសីហនុ ព្រមទាំងបានជំរុញចរន្តសេដ្ឋកិច្ច និងវិស័យទេសចរណ៍នៅលើទឹកដីក្រុងកោះរ៉ុងឱ្យកាន់តែមានភាពរស់រវើកថែមមួយកម្រិតទៀត។  

អត្ថបទ៖ ម៉ារ៉ាឌី

រូបភាព៖Koh Rong Island-កោះរ៉ុង