ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក្នុងនាមប្រធាន VECONAC ឆ្នាំ២០២៦ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីការបង្កើតលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៅទីក្រុងចាកាតា
ចាកាតា ប្រទេសឥណ្ឌូនេស៊ី៖ នាថ្ងៃច័ន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ចំឱកាសដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកំពុងអបអរសាទរព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (ស.អ.ក.) និងជាប្រធានសហព័ន្ធអតីតយុទ្ធជនអាស៊ាន (VECONAC) ឆ្នាំ២០២៦ រួមជាមួយគណៈប្រតិភូ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារដ៏មានសារៈសំខាន់មួយ នៅទីស្នាក់ការសមាគមអតីតយុទ្ធជនឥណ្ឌូនេស៊ី នាទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។
កិច្ចប្រជុំពិភាក្សាការងារនេះ ផ្តោតសំខាន់ទៅលើការបង្កើតលេខាធិការដ្ឋានអចិន្ត្រៃយ៍ VECONAC ក្នុងក្របខណ្ឌលេខាធិការដ្ឋានអាស៊ាន ដោយអង្គប្រជុំបានពិភាក្សាយ៉ាងលម្អិតអំពីយន្តការ និងនីតិវិធីចាំបាច់នានា សំដៅពង្រឹងនិរន្តរភាពការងារ លើកកម្ពស់ប្រសិទ្ធភាពនៃការសម្របសម្រួល និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំរវាងបណ្តាសមាគមអតីតយុទ្ធជននៃប្រទេសសមាជិកអាស៊ានទាំងអស់។
បេសកកម្មការងារដ៏សំខាន់នេះ ត្រូវបានចាត់ទុកថាជាជំហានថ្មី និងជាសមិទ្ធផលដ៏លេចធ្លោមួយក្នុងអាណត្តិជាប្រធាន VECONAC ឆ្នាំ២០២៦ របស់កម្ពុជា ក្នុងការលើកកម្ពស់តួនាទី និងឋានៈរបស់ VECONAC នៅក្នុងក្របខណ្ឌអាស៊ាន ព្រមទាំងជំរុញការពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍រួមរបស់អតីតយុទ្ធជននៅក្នុងតំបន់ទាំងមូល៕


