ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញចូលរួមដង្ហែអង្គកឋិនទានសាមគ្គី ប្រគេនព្រះសង្ឃនៅវត្តភ្នំសុព័រទេព ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃអាទិត្យ ១៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមក្នុងពិធីដង្ហែអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា វត្តភ្នំសុព័រទេព ស្ថិតនៅក្នុងសង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
បុណ្យកឋិនទាន គឺជាបុណ្យដ៏វិសេសវិសាលមួយក្នុងព្រះពុទ្ធសាសនា ដែលមានកាលកំណត់ច្បាស់លាស់តាមព្រះវិន័យ ក្នុងរយៈពេល២៩ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែអស្សុជ រហូតដល់ថ្ងៃ១៥កើត ខែកត្តិក បន្ទាប់ពីព្រះសង្ឃបានគង់ចាំព្រះវស្សាអស់ត្រីមាស។ ការកំណត់កាលវេលានេះបង្ហាញពីលក្ខណៈពិសេសនៃបុណ្យកឋិន ដែលពុទ្ធបរិស័ទអាចរួមគ្នាបំពេញកុសល ដោយមានសទ្ធាជ្រះថ្លា និងគោរពតាមគោលការណ៍ព្រះធម៌វិន័យ។
ខ្មែរបុរាណយើង អង្គកឋិនទានសាមគ្គី មិនត្រឹមតែជាការវេរប្រគេនសំពត់កឋិន និងទេយ្យទានដល់ព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់ត្រីមាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីសទ្ធាជ្រះថ្លា ស្មារតីសប្បុរសធម៌ ការចែករំលែក និងការរួបរួមសាមគ្គីរបស់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន។ ពិធីបុណ្យនេះក៏ជាឱកាសដ៏មានតម្លៃសម្រាប់ប្រជាពុទ្ធបរិស័ទជួបជុំគ្នា ពង្រឹងចំណងសាមគ្គីភាព និងបន្តថែរក្សាប្រពៃណីព្រះពុទ្ធសាសនាដែលជាមរតកដ៏មានតម្លៃរបស់ដូនតាខ្មែរ។ ជាក់ស្តែង ការរួមគ្នាប្រារព្ធពិធីបុណ្យកឋិនទាន មិនត្រឹមតែជាការបំពេញបុណ្យកុសលផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីវប្បធម៌នៃការចែករំលែក ការជួយគ្នាទៅវិញទៅមក និងការរួមចំណែកថែរក្សាវត្តអារាមឱ្យក្លាយជាមជ្ឈមណ្ឌលសាសនា សីលធម៌ វប្បធម៌ និងសាមគ្គីភាពក្នុងសហគមន៍។
ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំមនុស្សឱ្យប្រកាន់ខ្ជាប់នូវសទ្ធា សីលធម៌ មេត្តាករុណា ការចេះចែករំលែក និងការរស់នៅដោយសុខដុមរមនា។ ដូច្នេះ ការចូលរួមថែរក្សា និងលើកស្ទួយពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា គឺជាការរួមចំណែកទាំងក្នុងការបំពេញកុសល ការពង្រឹងសីលធម៌សង្គម និងការថែរក្សាមរតកវប្បធម៌ខ្មែរឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។ សាមគ្គីភាពបង្កើតបានជាកម្លាំង សទ្ធាជ្រះថ្លាបង្កើតបានជាកុសល ហើយការរួមគ្នាថែរក្សាព្រះពុទ្ធសាសនា គឺជាការរួមចំណែកថែរក្សាតម្លៃសីលធម៌ និងមរតកវប្បធម៌របស់ជាតិ។


