សម្តេចប្រធានរដ្ឋសភា អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ មហាសន្និបាតអាយប៉ាលើកទី៤៧

(ម៉ានីល) នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអញ្ជើញចូលរួមពិធីបិទមហាសន្និបាតលើកទី៤៧ អន្តរសភាអាស៊ាន (អាយប៉ា/AIPA)។កិច្ចប្រជុំពេញអង្គលើកទី២នេះ ដឹកនាំដោយ ឯកឧត្តម ហ្វូស្ទីណូ បូជី ឌី ទី៣ (Faustino “Bojie” De Guzman Dy III) ប្រធានរដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធាន AIPA ដោយមានការចូលរួមពីប្រធានគណៈប្រតិភូសមាជិកអាយប៉ាទាំង១១ប្រទេស សភាប្រទេសសង្កេតការណ៍អាយប៉ា ដៃគូអភិវឌ្ឍន៍ និងភ្ញៀវរបស់ម្ចាស់ផ្ទះ។

កិច្ចប្រជុំពេញអង្គលើកទី២ បានអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចចំនួន ៣៨ ដែល គណៈកម្មាធិការស្រ្តី (WAIPA) គណៈកម្មាធិការនយោបាយ គណៈកម្មាធិការ សេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការបូករុប សមាជិកសភាវ័យក្មេង (YPA) និងគណៈកម្មាធិការរៀបចំ បានពិភាក្សានិងឯកភាព។ ក្នុងចំណោមសេចក្តីសម្រេចទំាង៣៨ មាន៣សេចក្តីសម្រេច ជាសំណើរបស់កម្ពុជា និងចំនួន ៧ទៀត សភាកម្ពុជាសហការផ្តួចផ្តើមរៀបចំខ្លឹមសារ។ សេចក្តីសម្រេចចំនួន ៣ ដែលស្នើឡើងដោយសភាកម្ពុជា ដែលត្រូវបានមហាសន្និបាតសម្រេច មាន៖
១) ការពង្រឹងភាពជាអ្នកដឹកនាំរបស់សភា ដើម្បីសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល និងធានាបាននូវសន្តិភាព វិបុលភាព និងការយកប្រជាជនជាស្នូលក្នុងអាស៊ាន។
២) សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការពង្រឹងសមាហរណកម្មសហគ្រាសមីក្រូ តូច និងមធ្យម ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ និងបរិយាបន្ន។ (ស្នើដោយសភាកម្ពុជា)
៣) សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ស្ត្រី ក្នុងអភិបាលកិច្ចសន្តិភាព និងសន្តិសុខ ឆ្ពោះទៅរកសហគមន៍អាស៊ានប្រកបដោយសន្តិភាព។

ជាចុងបញ្ចប់ សម្តេចប្រធានរដ្ឋសភា បានអញ្ជើញចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមហាសន្និបាតជាមួយថ្នាក់ដឹកនាំជាប្រធានសភា អនុប្រធានសភា នៃសមាជិកទាំង១១របស់អាយប៉ា៕