ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា អញ្ជើញបើក សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី« ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការចូលជាសមាជិកកិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើន សម្រាប់ភាពជាដៃគូរអន្តរជាតិប៉ាស៊ីហ្វិក( CP-TPP) »

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស (វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ) ប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងជាប្រធានក្រុមការងារសិក្សាអំពីកិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើន សម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក បានអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី« ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការចូលជាសមាជិកកិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើន សម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក(CP-TPP)»។

សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាពិគ្រោះយោបល់គោលនយោបាយពាណិជ្ជកម្ម (TPAB) ក្រុមការងារការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការចូលជាសមាជិកកិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើន សម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក( CP-TPP) តំណាងមន្ត្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី ( ADB ) និងមន្ត្រីមកពីក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត ។

បន្ទាប់ពីលោក ជូលៀន ក្លាក មន្ត្រីឯកទេសជាន់ខ្ពស់ផ្នែកសហប្រតិបត្តិការក្នុងតំបន់នៃធនាគារអភិវឌ្ឍន៍អាស៊ី ( ADB ) មានប្រសាសន៍ស្វាគមន៍រួចមក ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើន សម្រាប់ភាពជាដៃគូរអន្តរជាតិប៉ាស៊ីហ្វិក( CP-TPP) កាលពីខែធ្នូ ឆ្នាំ២០២៥។ ក្នុងនោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានចំនួន ៣,៩% ក្នុងឆ្នាំ២០២៦ ដែលទាបជាងមធ្យមភាគ ៥,៧% ក្នុងមួយឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤ មក។

ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្តថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្រ ពង្រឹងអភិបាលកិច្ច និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើន ប្រកបដោយចីរភាព ដើម្បីឈានទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្រុមប្រឹក្សាពិគ្រោះយោបល់គោលនយោបាយពាណិជ្ជកម្ម (TPAB) ក៏បានដើរតួនាទីជាចំណុចសម្របសម្រួលកណ្តាល (Focal Point) និងជាលេខាធិការដ្ឋាន ព្រមទាំងបានចែកចាយតារាងវាយតម្លៃគម្លាតច្បាប់ ដើម្បីធានាថា កម្មវិធីនេះនឹងចាប់ផ្តើមពីការបណ្តុះបណ្តាលជំនាញចរចាទូទៅ និងបណ្តុះបណ្តាល ទៅតាមជំពូកនីមួយៗ ដោយផ្តោតលើចំណុចខ្វះខាតដែលបានរកឃើញតាមរយៈការវាយតម្លៃ។ ADB នឹងផ្តល់អ្នកជំនាញបច្ចេកទេស ដើម្បីគាំទ្រដល់ការងារនេះ ហើយ TPAB នឹងទទួលបន្ទុកសម្របសម្រួលការងារជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនានា។

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនេះ បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងធនាគារអភិវឌ្ឍន៍អាស៊ី ( ADB ) និងក្រុមប្រឹក្សាពិគ្រោះយោបល់គោលនយោបាយពាណិជ្ជកម្ម (TPAB) ដើម្បីគ្រប់គ្រងការផ្លាស់ប្តូរនៃចំណូលចិត្តផ្នែកពាណិជ្ជកម្ម ពង្រឹងសមត្ថភាពប្រកួតប្រជែង ធ្វើពិពិធកម្មការនាំចេញ កែលម្អការអនុលោមតាមស្តង់ដារ និងធានាហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕