ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបន្តពង្រឹងការគ្រប់គ្រងវិស័យព័ត៌មាន ដោយមិនអនុញ្ញាតឱ្យជនទុច្ចរិតប្រើប្រាស់អាជ្ញាបណ្ណសារព័ត៌មានដើម្បីបំពានច្បាប់ឡើយ

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ពីជំហររបស់ក្រសួងព័ត៌មានក្នុងការបន្តពង្រឹងការគ្រប់គ្រងវិស័យព័ត៌មាន និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គលដែលប្រើប្រាស់អាជ្ញាបណ្ណសារព័ត៌មានខុសគោលបំណង ដើម្បីប្រព្រឹត្តអំពើខុសច្បាប់ កំហែងទារប្រាក់ និងបង្កចលាចលក្នុងសង្គម ដោយមិនអនុញ្ញាតឱ្យជនទុច្ចរិតយកឈ្មោះ និងអាជ្ញាបណ្ណសារព័ត៌មានធ្វើជាខែលសម្រាប់ប្រព្រឹត្តអំពើមិនត្រឹមត្រូវឡើយ។

ការបញ្ជាក់ជំហរនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍទូរទស្សន៍ឌីជីថល» នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន ។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ក្រសួងព័ត៌មានបាននិងកំពុងខិតខំទប់ស្កាត់ និងលុបបំបាត់សកម្មភាពទុច្ចរិតគ្រប់រូបភាពដែលយកវិស័យព័ត៌មានធ្វើជាមធ្យោបាយសម្រាប់ប្រព្រឹត្តអំពើខុសច្បាប់ ជាពិសេសការក្លែងបន្លំជាអ្នកសារព័ត៌មាន និងប្រើប្រាស់តួនាទីនេះដើម្បីកំហែងទារប្រាក់ពីអ្នកដទៃ។ ជាក់ស្តែង កន្លងមក ក្រសួងបានសហការជាមួយកម្លាំងសមត្ថកិច្ចចាត់វិធានការចំពោះបុគ្គលដែលប្រព្រឹត្តសកម្មភាពបែបនេះ និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋស្លូតត្រង់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នាយកដ្ឋានច្បាប់ មណ្ឌលព័ត៌មាន និងអង្គភាពពាក់ព័ន្ធទាំងអស់ បង្កើនការយកចិត្តទុកដាក់លើការត្រួតពិនិត្យ និងអនុវត្តតួនាទីរបស់ខ្លួនឱ្យបានសកម្ម ដោយមិនត្រូវព្រងើយកន្តើយចំពោះសកម្មភាពដែលបំពានច្បាប់ ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានឡើយ។

ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា៖ «ខ្ញុំស្នើសុំដល់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នាយកដ្ឋានច្បាប់ មណ្ឌលព័ត៌មាន គឺត្រូវធ្វើកិច្ចការងារឱ្យសកម្មមែនទែន កុំបិទភ្នែក ហើយកុំបិទត្រចៀក ពីព្រោះយើងមិនអនុញ្ញាតឱ្យនៅស្ងៀមទៀតទេ ដែលសង្គមរបស់យើងបង្កឱ្យមានភាពអនាធិបតេយ្យដោយសារអ្នកសារព័ត៌មាន Online មួយចំនួនមិនគោរពក្រមសីលធម៌ វិជ្ជាជីវៈ»។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អាជ្ញាបណ្ណសារព័ត៌មានត្រូវប្រើប្រាស់ឱ្យស្របតាមគោលបំណង និងច្បាប់ជាធរមាន មិនមែនជាឧបករណ៍សម្រាប់គំរាមកំហែង កេងប្រវ័ញ្ច ឬបង្កបញ្ហាដល់អ្នកដទៃនោះទេ។ ចំពោះបុគ្គលណាដែលប្រើប្រាស់អាជ្ញាបណ្ណសារព័ត៌មានដើម្បីប្រព្រឹត្តអំពើទុច្ចរិត ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ និងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីដោះស្រាយតាមនីតិវិធី។

ពាក់ព័ន្ធនឹងករណីជាក់ស្តែងមួយ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងបានដកហូតអាជ្ញាបណ្ណសារព័ត៌មានរបស់បុគ្គលឈ្មោះ សួន ចំរើន តាំងពីខែធ្នូ ហើយបុគ្គលនេះត្រូវបានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់រួចហើយ។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងព័ត៌មានមានតួនាទីសំខាន់ក្នុងការរួមចំណែកការពារសុវត្ថិភាពសង្គម តាមរយៈការធានាឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិត ត្រឹមត្រូវ និងគួរឱ្យទុកចិត្ត។ បច្ចុប្បន្ន ការរីករាលដាលនៃព័ត៌មានក្លែងក្លាយតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម បានបង្កឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណជន និងធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានការសង្ស័យចំពោះភាពត្រឹមត្រូវនៃព័ត៌មានដែលទទួលបាន។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បញ្ហានេះទាមទារឱ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាតាមប្រព័ន្ធអនឡាញទាំងអស់ បង្កើនការទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ ដោយត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងផ្សព្វផ្សាយ ដើម្បីរក្សាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធផ្សព្វផ្សាយ។

ការពង្រឹងការគ្រប់គ្រងវិស័យព័ត៌មាននេះ គឺជាកិច្ចការចាំបាច់ក្នុងការលើកកម្ពស់សណ្តាប់ធ្នាប់ និងគុណភាពសារព័ត៌មាន ធានាការអនុវត្តច្បាប់ និងការគោរពក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងការពារសិទ្ធិ និងផលប្រយោជន៍សាធារណៈ ដើម្បីឱ្យវិស័យព័ត៌មានបន្តដើរតួនាទីជាប្រភពព័ត៌មានដែលមានភាពជឿជាក់ និងរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ។៕