ក្រុមប្រឹក្សាខេត្តព្រះសីហនុ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅក្រុងកំពង់សោម ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ
ខេត្តព្រះសីហនុ៖ ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅក្រុងកំពង់សោម នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការចូលរួមពី ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ លោក ណៃ គង់ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលក្រុង ប្រធានមន្ទីរអង្គភាព ក្រុមប្រឹក្សាសង្កាត់ និងសមាជិក សមាជិកា នៃអង្គវេទិកាទាំងមូល។
ឯកឧត្តម វង្ស ផាណាត បានបញ្ជាក់ថា ការរៀបចំវេទិកានេះ គឺស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ ២១៦ អ.ន.ក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ដែលតម្រូវឱ្យក្រុមប្រឹក្សាខេត្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ប្រចាំឆ្នាំ នៅតាមក្រុង-ស្រុក ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋលើកឡើងពីបញ្ហា សំណើ សំណួរ និងសំណូមពរនានា សម្រាប់ដោះស្រាយរួមគ្នា។ឯកឧត្តមបានបន្តថា វេទិកានេះជាយន្តការជួយបង្កើតវប្បធម៌ពិភាក្សារវាងក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ និងដៃគូអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងសមធម៌ ក៏ដូចជាជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងអភិបាលកិច្ចល្អ ដោយផ្តោតលើគោលដៅសំខាន់ៗរួមមាន៖ ធានាថាបញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតបទាន់ពេលវេលា។ រួមបញ្ចូលគ្រប់ភាគីពាក់ព័ន្ធនៅមូលដ្ឋាន ក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ ជំរុញគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ជារៀងរាល់ត្រីមាសទី៤ ប្រចាំឆ្នាំ តាមរយៈការជម្រាបជូនអំពីសមិទ្ធផល បញ្ហាប្រឈម ទិសដៅអាទិភាពសម្រាប់ឆ្នាំបន្ទាប់ និងការបើកចំហឱ្យមានការពិភាក្សាលើរបាយការណ៍របស់ក្រុមប្រឹក្សា។
នៅក្នុងវេទិកាក៏បានផ្តល់ឱកាសឱ្យរដ្ឋបាលខេត្ត ក្រុង សង្កាត់ តំណាងអង្គការសង្គមស៊ីវិល និងវិស័យឯកជន ភ្ជាប់ទំនាក់ទំនង ចែករំលែកបទពិសោធន៍ និងកំណត់អាទិភាពអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យប្រព្រឹត្តទៅប្រកបដោយចីរភាព និងបរិយាបន្ន។ បន្ថែមពីនេះប្រជាពលរដ្ឋបានលើកឡើងនូវសំណូមពរសំខាន់ៗ ពាក់ព័ន្ធនឹង បញ្ហាផ្លូវ បញ្ហាប្រព័ន្ធលូ បញ្ហាដីធ្លី និងបញ្ហាភូមិ–ឃុំមានសុវត្ថិភាព។ ឆ្លើយតបទៅនឹងសំណូមពរទាំងនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត និងលោកអភិបាលក្រុង បានធ្វើការសម្របសម្រួល និងដោះស្រាយជូនប្រជាពលរដ្ឋដោយសន្តិវិធី និងប្រកបដោយប្រសិទ្ធិភាព។
អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ
រូបភាព ៖ លោក ផូង ថៃ


