ពិធីបុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ ផ្តោតសំខាន់លើប្រធានបទ «គុណតម្លៃសមុទ្រ៖សេដ្ឋកិច្ចខៀវ និងផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរ»

ខេត្តព្រះសីហនុ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីបុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូប នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំតូច ស្នាក់ការប្រជាជន ខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជម្រាបជូនអង្គពិធីអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំ ព្រឹត្តិការណ៍បុណ្យសមុទ្រ ដោយបានបង្កើតអនុគណៈកម្មការថ្នាក់ខេត្ត ដើម្បីសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការអន្តរក្រសួង ជាក់ស្តែង រដ្ឋបាលខេត្តបាននិងកំពុងជំរុញការងារកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពទីក្រុង រួមមានពង្រីកវិសាលភាព ទីលានតេជោឱ្យធំទូលាយជាងមុន និងបន្តអភិវឌ្ឍទៅជា សួនតេជោ ព្រម ទាំងតភ្ជាប់ផ្លូវថ្មើរជើងពីទីលានតេជោ រហូតដល់ចុងឆ្នេរអូរឈើទាល រៀបចំក្រាលថ្មក្រានីតឡើងវិញ កែលម្អសោភ័ណភាពឆ្នេរ និងរង្វង់មូលនានា ព្រមទាំងគ្រោងសាងសង់បន្ទប់ទឹកសាធារណៈថ្មីចំនួន ២ កន្លែង នៅទីលានតេជោ ដែលមានរចនាបថបែបគ្រឿងសមុទ្រ និងសាងសង់នាកបាញ់ទឹកមួយគូ ដោយគ្រោងផ្សារភ្ជាប់ជាមួយសាច់រឿងប្រវត្តិសាស្ត្រ «ព្រះថោងនាងនាក» និងរៀបចំប្រព័ន្ធភ្លើងបំភ្លឺ ដោតទង់ជាតិ បំពាក់កាមេរ៉ាសុវត្ថិភាព និងបំផុសចលនាដាំដើមឈើក្រោមស្មារតី «ផ្ទះ១ខ្នង ដើមឈើ១ដើម» ដើម្បីទទួលស្វាគមន៍ព្រឹត្តិការណ៍ដ៏សំខាន់នេះ។

ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានគូសបញ្ជាក់ថា នេះគឺជាកិច្ចប្រជុំលើកទី២ហើយ របស់គណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យលើការត្រៀមលក្ខណៈសម្រាប់ពិធីបុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ដែលគ្រោងនឹងប្រារព្ធ ពិធីបើកនៅព្រឹត្តិការនេះ ជាផ្លូវការនៅ ល្ងាចថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តព្រះសីហនុ លេខាធិការដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម ព្រមទាំងបានផ្តល់អនុសាសន៍ និងមតិណែនាំបន្ថែមលើចំណុចគន្លឹះដែលអង្គប្រជុំបានលើកយកមកពិភាក្សា សំដៅធានា ឱ្យការរៀបចំពិធីបុណ្យសមុទ្រឆ្នាំនេះប្រព្រឹត្តទៅដោយរលូន ទទួលបានជោគជ័យ និងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកចូលរួមកម្សាន្តបានកាន់តែច្រើនកុះករ។ ឯកឧត្តម ក៏បានធ្វើការ ផ្តាំផ្ញើនៅចំណុចមួយចំនួនដូចជា: ត្រូវរៀបចំក្រុងឱ្យមានសណ្តាប់ធ្នាប់ល្អ និងមានសោភ័ណភាព រក្សាសន្តិសុខ និងសុវត្ថិភាព ក៏ដូចជាធ្វើការណែនាំអាជីវករ កុំដំឡើងថ្លៃលក់ដូរ  និងសូមលើកស្លាក ចូលទៅរមណីយដ្ឋានផ្សេងៗ បង្ហាញពីសក្តានុពលទេសចរណ៍ ដូចជាការដាក់តាំងនៅ រូបគ្រឿងសមុទ្រផ្សេងៗដើម្បីជាភាពទាក់ទាញ  ពិសេសត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន ភ្លៀវជាតិ និងអន្តរជាតិ អំពីព្រឹត្តិការណ៍បុណ្យសមុទ្រនេះ ផងដែរ។

អត្ថបទ: មន សូត្រ
រូបភាព:រដ្ឋបាលខេត្តព្រះសីហនុ