រដ្ឋសភាកម្ពុជា-កាណាដា ពង្រឹងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគីនិងពហុភាគី ឱ្យកាន់តែស៊ីជម្រៅបម្រើផលប្រយោជន៍រួម
ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាត អាយប៉ាលើកទី៤៧ នៅប្រទេសហ្វីលីពីន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម យួន ផៅវូ ប្រធានគណៈប្រតិភូសភាកាណាដា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងការលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ដែលជាផលប្រយោជន៍រួម។
នៅក្នុងជំនួបនេះភាគីទាំងពីរបានលើកឡើងពីសារៈសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរដ្ឋសភា ដោយសាររដ្ឋសភាជាតំណាងពលរដ្ឋ។ សម្តេចប្រធានរដ្ឋសភា បានស្នើរដ្ឋសភាកាណាដាផ្លាស់ប្តូរទំនាក់ទំនងនៅគ្រប់កម្រិតពិសេសក្រុមមិត្តភាព គណៈកម្មការជំនាញ ក្រុមសមាជិកសភាស្ត្រី សមាជិករដ្ឋសភាវ័យក្មេង។
បន្ថែមពីការស្នើប្រទេសកាណាដាជំរុញការវិនិយោគ ទេសចរមកកម្ពុជា សម្តេចរដ្ឋសភាធិបតី ក៏ជម្រាបជូន
ពីស្ថានភាពពិត ដែលពលរដ្ឋខ្មែរបានកំពុងជួបប្រទះ ដោយសារសង្រ្គាមឈ្លានពានរបស់ថៃ។ ពលរដ្ឋខ្មែរជាង ២ម៉ឺន នាក់មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញនៅឡើយ ដោយសារការមិនគោរពបទឈប់បាញ់ និងច្បាប់អន្តរជាតិរបស់ភាគីថៃ។ ក្នុងនាមតំណាងប្រជាពលរដ្ឋ សម្តេចបានស្នើសហគមន៍អន្តជាតិ ផ្តល់ជំនួយមនុស្សធម៌ និងជំរុញភាគីថៃធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរស្លូតត្រង់បានវិលត្រឡប់ទៅលំនៅឋានវិញ ដោយសេចក្តីថ្លៃថ្នូរ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា ចំពោះការដោះស្រាយបញ្ហាព្រំដែនត្រូវគោរពច្បាប់អន្តរជាតិ និងយន្តការទ្វេភាគី។ បន្ទាត់ព្រំដែនប្រទេសទាំងពីរ បានទទួលស្គាល់ដោយអន្តរជាតិជាង១០០ឆ្នាំមកហើយ។ ដូច្នេះ សូមទុកបញ្ហានេះឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដោះស្រាយ ក្នុងការវាស់វែង បោះបង្គោលឡើងវិញ។
ជាមួយគ្នានេះសម្តេចប្រធានរដ្ឋសភាក៏បានបញ្ជាក់យ៉ាងច្បាស់ពី ជំហរដោះស្រាយបញ្ហារបស់កម្ពុជា ដោយសន្តិវិធី ប្រើប្រាស់យន្តការការទូត គោរពច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់។
ភាគីកាណាដា បានស្តាប់ដោយយកចិត្តទុកដាក់ប្រសាសន៍លើកឡើង របស់ សម្តេចប្រធានរដ្ឋសភា។ កាណាដា មានសង្ឃឹមថាកម្ពុជានិងថៃ នឹងអាចដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីក្នុងពេលឆាប់ៗ ដោយគោរពច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងនានា។
ឯកឧត្តម យួន ផៅវូ បានថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានឆ្លៀតពេលមមាញឹកទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមនៅក្នុងឱកាសនេះ។
ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏សំខាន់របស់កម្ពុជានៅលើឆាកអន្តរជាតិ ដូចជាក្របខណ្ឌអាស៊ាន។ កាណាដា អបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ទទួលបានជោគជ័យយ៉ាងធំធេង។
ប្រធានគណៈប្រតិភូសភាកាណាដា បានគូសបញ្ជាក់ថា ក្រៅពីការពង្រឹងចំណងមិត្តភាពក្នុងក្របខណ្ឌទ្វេភាគី កម្ពុជាកាណាដា ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី តាមរយៈយន្តការ AIPA និងហ្រ្វង់កូហ្វូនី ផងដែរ។
កម្ពុជាកាណាដា បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ១៩៥៣និងបានកាត់ផ្តាច់ទៅវិញនៅក្នុងរបបខ្មែរក្រហម។ កម្ពុជានិងកាណាដាបានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៩៣។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់ប្រទេសកាណាដាដែលបានគាំទ្រលើការអភិវឌ្ឍនៅកម្ពុជារហូតមក៕


