កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា (Committee on Economic Matters of AIPA) អនុម័តជាឯកច្ឆន្ទលើសេចក្តីសម្រេចស្ដីពី ការពង្រឹងសមាហរណកម្មសហគ្រាសមីក្រូ តូច និងមធ្យម (MSME) ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ និងបរិយាប័ន្ន ស្នើដោយសភាកម្ពុជា

ទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន៖ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច នៃមហាសន្និបាតអាយប៉ាលើកទី៤៧ បានអនុម័តជាឯកច្ឆន្ទលើសេចក្តីសម្រេច ដែលបានស្នើឡើងដោយសភាកម្ពុជា ដើម្បីដោះស្រាយបញ្ហាហិរញ្ញប្បទាន បច្ចេកវិទ្យា ជំនាញឌីជីថល និងទីផ្សារសម្រាប់សហគ្រាសធន់មីក្រូ តូច និងមធ្យម (MSME) ព្រមទាំងជំរុញពិពិធកម្មសេដ្ឋកិច្ច វិស័យឯកជន និងភាពប្រកួតប្រជែង ស្របតាមផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានឆ្នាំ២០៣០ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់កម្ពុជា។

ការអនុម័តដ៏មានសារៈសំខាន់នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន ក្រោមការចូលរួមពីគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូគណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា អមដោយ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកគណៈកម្មការទី២ នៃព្រឹទ្ធសភា ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា និងឯកឧត្តមបណ្ឌិត ឆេង គឹមឡុង ទឹប្រឹក្សារដ្ឋសភា ព្រមទាំងមន្រ្ដីជំនាញមួយចំនួន។

ក្រៅពីសេចក្ដីសម្រេចដែលបានស្នើខាងលើ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច ក៏បានពិភាក្សា និងអនុម័តលើសេចក្ដីសម្រេចចំនួន ៥ ផ្សេងទៀតផងដែរ រួមមាន៖
១. សេចក្ដីសម្រេចស្ដីពី “ការពង្រឹងសន្តិសុខស្បៀង និងភាពធន់នៃវិស័យកសិកម្មក្នុងតំបន់អាស៊ាន” ស្នើដោយសភាហ្វ៊ីលីពីន និងសហគាំទ្រដោយសភាកម្ពុជា
២. សេចក្ដីសម្រេចស្ដីពី “ការធ្វើនវានុវត្តន៍គំរូអភិវឌ្ឍន៍ ការពង្រឹងភាពធន់ និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចអាស៊ាន៖ តួនាទីរបស់សភាក្នុងការលើកកម្ពស់កំណើនប្រកបដោយបរិយាបន្ន និងវិបុលភាពរួមគ្នា” ស្នើដោយសភាវៀតណាម
៣. សេចក្ដីសម្រេចស្ដីពី “ការពង្រឹងកិច្ចសហប្រតិបត្តិការសភាលើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត នវានុវត្តន៍វិទ្យាសាស្រ្ដ និងកំណើនប្រកបដោយក្រមសីលធម៌ដែលជំរុញដោយបញ្ញាសិប្បនិម្មិត នៅក្នុងតំបន់អាស៊ាន”  ស្នើដោយសភាហ្វ៊ីលីពីន និងសភាម៉ាឡេស៊ី
៤. សេចក្តីសម្រេចស្ដីពី “សកម្មភាពសភាសម្រាប់ការប្រែប្រួលអាកាសធាតុ និងភាពធន់នឹងគ្រោះមហន្តរាយ៖ ការជំរុញអាស៊ានប្រកបដោយសន្តិភាព វិបុលភាព និងយកប្រជាជនជាស្នូល” ស្នើដោយសភាហ្វ៊ីលីពីន
៥. សេចក្តីសម្រេចស្ដីពី “ការពង្រឹងសន្តិសុខថាមពល និងភាពធន់របស់អាស៊ាន នៅក្នុងបរិបទនៃការរំខានសេដ្ឋកិច្ចសកល” ស្នើដោយសភាហ្វ៊ីលីពីន៕