ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប លើកឡើងពីមោទន ភាពរបស់កម្ពុជា ក្នុងជំនួបជាមួយ និស្សិត អាហារូបករណ៍ នូវែលសេឡង់

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសេឡង់ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានមានប្រសាសន៍ទៅកាន់ក្រុមនិស្សិតទាំងអស់ដោយគូសបញ្ជាក់ពីគុណតម្លៃនៃសន្តិភាព ដែលបាននាំមកនូវភាពម្ចាស់ការ កិត្យានុភាព វឌ្ឍនភាព និងភាពល្អត្រចេះត្រចង់ សម្រាប់ប្រជាជាតិ កម្ពុជានៅលើឆាកអន្តរជាតិ។

ជាក់ស្តែងដោយសារកត្តាសន្តិភាព និងការផ្តល់ទំនុកចិត្តខ្ពស់ពីសហគមន៍អន្តរជាតិ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកម្រិតអន្តរជាតិធំៗ និងសំខាន់ៗជាបន្តបន្ទាប់ ជាអាទិ៍៖ សន្និសីទប្រធានសភានៃអន្តរសភា(Inter-Parliamentary Speakers’ Conference – ISC)លើកទី២, សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នៅរាជធានីភ្នំពេញ, និងថ្មីៗនេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (OIF) លើកទី២០ ប្រកបដោយជោគជ័យ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំពិភពលោក ជាពិសេស ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងផងដែរ។

ក្នុងឱកាសនៃកិច្ចសំណេះសំណាលនោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានលើកទឹកចិត្តដល់និស្សិតជ័យ លាភី អាហារូបករណ៍ទាំងអស់ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងនិងអភិវឌ្ឍសមត្ថភា ពខ្លួនឱ្យបានពេញលេញ។ ជាពិសេស នៅពេលបញ្ចប់ការសិក្សា និងត្រឡប់មកមាតុ ប្រទេសវិញ និស្សិតម្នាក់ៗ ត្រូវ ដើរតួនាទីជា«ទូតមិត្តភាព»ដ៏សំខាន់ ក្នុងការចូលរួមរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេស នូវែលសេឡង់ឱ្យកាន់តែជិតស្និទ្ធថែមទៀតតាមរយៈការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនព្រមទាំងចូល រួម ផ្សព្វផ្សាយ និងលើកកម្ពស់ទំនុកចិត្តដល់វិនិយោគិនបរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់និស្សិតទាំងអស់ ត្រូវប្រែក្លាយឱកាសដ៏វិសេសវិសាលនេះ ឱ្យទៅជាគុណវុឌ្ឍិនៃជីវិត ដ្បិត «ការអប់រំ គឺជាសព្វាវុធដ៏មានឥទ្ធិពលបំផុត ដែលយើងអាចប្រើប្រាស់ដើម្បីផ្លាស់ប្តូរ និងធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើង»។

ទន្ទឹមគ្នានោះ លោក ស៊ូ ពិសែន តំណាងនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសេឡង់ បានសម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំរដ្ឋសភា ដែលបានអនុញ្ញាតឱ្យក្រុមនិស្សិតចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏មានតម្លៃ មុននឹងចាកចេញទៅបន្តការសិក្សានៅក្រៅប្រទេស ដែលទាំងនេះនឹង ក្លាយជា ត្រីវិស័យ និងធាតុចូលដ៏សំខាន់សម្រាប់ការសិក្សារបស់និស្សិត។

សូមបញ្ជាក់ថា និស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសេឡង់ ដែលនឹងត្រូវចាកចេញ ទៅបន្តការសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៧ ខាងមុខនេះ មានចំនួនសរុប ៣៦រូប៕