ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញ ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងសមាជិកនៃគណៈកម្មាធិការទាំងបី លោក លោកស្រី តំណាងក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍន៍។
សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដែលជាយន្តការដ៏សំខាន់សម្រាប់វាស់វែងវឌ្ឍនភាព ស្ដីពីការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ឱ្យទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមដំណាក់កាលទាំង ៣ ដែលបានបែងចែក រួមមាន «ការកសាងមូលដ្ឋានគ្រឹះឌីជីថល ការចាប់យកឌីជីថល និងបរិវត្តកម្មឌីជីថល»។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ការរៀបចំក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃរួមនេះ នឹងជួយសម្រួចព័ត៌មានឱ្យមានភាពច្បាស់លាស់ និងអាចជឿទុកចិត្តបាន ដែលអាចឱ្យយើងកំណត់បញ្ហាប្រឈម និងដំណោះស្រាយផ្អែកលើភស្ដុតាង ឈានទៅកែសម្រួលវិធានការគោលនយោបាយឱ្យស្របតាមស្ថានភាពជាក់ស្តែង និងការវិវត្តនៃបច្ចេកវិទ្យា ព្រមទាំងលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការសម្រេចចិត្តផ្អែកលើទិន្នន័យ និងភស្តុតាង ក៏ដូចជាជម្រុញឱ្យអន្តរក្រសួងស្ថាប័នធ្វើការក្នុងស្មារតីសហការជាធ្លុងមួយ ដោយមានការទទួលខុសត្រូវខ្ពស់ និងផ្តល់របាយការណ៍ជាក់លាក់ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ក្រោមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ៕


