ឯកឧត្តមបណ្ឌិត ថោង ខុន គាំទ្រគម្រោងបង្កើត មជ្ឈមណ្ឌល ហ្វឹកហ្វឺនកីឡា ទូកកានូ នៅកោះរ៉ុង ខេត្តព្រះសីហនុ
ឯកឧត្ដមបណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានអនុញ្ញាតឲ្យ លោក Wojciech Zaluski សមាជិកគណៈកម្មាធិការ ប្រតិបត្តិ នៃគណៈកម្មាជាតិ អូឡាំពិកប៉ូឡូញ ចូលជួបសម្ដែងការគួរសម ស្ដីពី គម្រោងបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ទូកកានូ នៅកោះរ៉ុង ខេត្តព្រះសីហនុ។
ជំនួបសម្តែងការគួរសមនេះ បានធ្វើឡើងនៅទីស្នាក់ការ NOCC កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយឯកឧត្ដមបណ្ឌិត ថោង ខុន បានឯកភាព និងគាំទ្រលើគម្រោងដ៏ពិសេសនេះ ព្រោះមិនត្រឹមតែជាទីតាំងហ្វឹកហាត់សម្រាប់ក្រុមជម្រើសជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសជំរុញកីឡាទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុង និងក្រៅស្រុក ទៅកម្សាន្ដនៅកោះរ៉ុងកាន់តែច្រើន។
ជាមួយគ្នានេះ ឯកឧត្ដម សរ សិទ្ធិ អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ក៏បង្ហាញការគាំទ្រដូចគ្នា ឯកឧត្ដម អនុប្រធាន បានណែនាំប្រតិភូ ប្រទេសប៉ូឡូញ ចូលជួបសម្ដែងការគួរសម និងសូមយោបល់បន្ថែមពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡា ទូកកានូ និងរ៉ូអ៊ីងកម្ពុជា។ ជុំវិញមូលហេតុ នៃគម្រោងបង្កើតមជ្ឈមណ្ឌលហ្វឹកហាត់នេះ ដោយសារតែ លោក Wojciech Zaluski គឺជាអតីតកីឡាករទូកកានូ ហើយលោកក៏កំពុងមានអាជីវកម្មនៅកោះរ៉ុងស្រាប់ ដូច្នេះលោក និងដៃគូវិនិយោចង់ផ្សាភ្ជាប់ផែនការ និងមុខជំនួញនេះទន្ទឹមគ្នាផងដែរ៕


