ឯកឧត្តម សួស យ៉ារ៉ា ដឹកនាំប្រតិភូ ជួបថ្នាក់ដឹកនាំសភាហ្វីលីពីន លើកឡើងពីការកាន់កាប់ទឹកដីខុសច្បាប់របស់ថៃ និងជំរុញដំណោះស្រាយសន្តិវិធី
ម៉ានីល, ហ្វីលីពីន៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា បានជម្រាបជូនថ្នាក់ដឹកនាំសភាហ្វីលីពីន អំពីស្ថានភាពជាក់ស្តែងនៃការកាន់កាប់ទឹកដីកម្ពុជាដោយភាគីថៃ ដែលផ្ទុយនឹងច្បាប់អន្តរជាតិ និងសន្ធិសញ្ញាព្រំដែនបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងផលវិបាកធ្ងន់ធ្ងរមកលើជនស៊ីវិល និងសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបេតិកភណ្ឌពិភពលោក។
ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីរវាង ឯកឧត្តម សួស យ៉ារ៉ា អមដោយ ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា ជាមួយ ឯកឧត្តម Ferdinand L. Hernandez អនុប្រធានជាន់ខ្ពស់រដ្ឋសភាហ្វីលីពីន និងលោកជំទាវ Maria Rachel J. Arenas អនុប្រធានរដ្ឋសភាហ្វីលីពីន កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La នាទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧។
ជាកិច្ចចាប់ផ្តើម ភាគីកម្ពុជាបានកោតសរសើរសភាហ្វីលីពីន ចំពោះការរៀបចំយ៉ាងជោគជ័យនូវកិច្ចប្រជុំទល់មុខរវាងប្រមុខដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ា (Interface) លើកទី១៥ ដែលបានបង្ហាញពីការយកចិត្តទុកដាក់របស់សមាជិកសភា AIPA និងតួនាទីរបស់ប្រធាន AIPA ចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។
ក្នុងនោះ ភាគីកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការអំពាវនាវឱ្យភាគីទាំងពីរអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅ (GBC) លើកទី៣ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងរួមហ្វូសៀន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ និងការប្តេជ្ញាចិត្តរបស់សភា AIPA ក្នុងការការពារជនស៊ីវិល ជាពិសេសការអំពាវនាវអនុញ្ញាតឱ្យជនភៀសសឹកកម្ពុជា អាចវិលត្រឡប់ទៅលំនៅឋានដើមវិញដោយភាពថ្លៃថ្នូរ។
ជាការឆ្លើយតប បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់គណៈប្រតិភូកម្ពុជា ភាគីហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន បានលើកទឹកចិត្តឱ្យភាគីទាំងពីរស្វែងរកដំណោះស្រាយជម្លោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ និងបន្តអនុវត្តយន្តការដោះស្រាយជម្លោះដែលមានស្រាប់៕


