ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង អំពីផលប៉ះពាល់ ស្តីពី ការប្រើប្រាស់បារីអេឡិចត្រូនិក

ការបង្ការបារីអេឡិចត្រូនិក មិនមែនគ្រាន់តែជាការបង្ការទម្លាប់អាក្រក់មួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាការការពារសុខភាព ការការពារធនធានមនុស្ស និងការការពារអនាគតរបស់ប្រទេសជាតិ «យុវជនដែលមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិ ដ៏មានតម្លៃរបស់ប្រទេសជាតិ។ ជាពិសេស ការបដិសេធបារីអេឡិចត្រូនិកនៅថ្ងៃនេះ គឺជាការការពារសុខភាព អនាគត និងក្តីសង្ឃឹមរបស់ខ្លួននៅថ្ងៃស្អែក» ។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង អំពីផលប៉ះពាល់ ស្តីពី ការប្រើប្រាស់បារីអេឡិចត្រូនិក។

ឯកឧត្តម ជា ចំណាន បញ្ជាក់ថា ក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងសកល ភាវូបនីយកម្ម ផលិតផលបារីអេឡិចត្រូនិក ឬដែលគេស្គាល់ជាទូទៅថា Vape បានក្លាយជាបញ្ហាប្រឈមមួយដែលទាមទារឱ្យមានការយកចិត្តទុកដាក់ជាពិសេសពីសំណាក់រាជរដ្ឋាភិបាល និងសង្គមទាំងមូល។ ផលិតផលទាំងនេះត្រូវបានផលិតឡើងក្នុងទម្រង់ រូបរាង ពណ៌ និងរសជាតិជាច្រើនប្រភេទ ដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ ជាពិសេសកុមារ និងយុវជន។ ជាមួយគ្នានេះ ការផ្សព្វផ្សាយតាមបណ្តាញសង្គម ការបង្ហាញរូបភាពនៃភាពទាន់សម័យ និងការយល់ច្រឡំថា បារីអេឡិចត្រូនិកមានគ្រោះថ្នាក់តិច ឬមិនប៉ះពាល់ដល់សុខភាព បានធ្វើឱ្យមនុស្សមួយចំនួនមិនបានយល់ច្បាស់អំពីហានិភ័យដែលអាចកើតមាន។ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា អ័ព្ទដែលបង្កើតឡើងពីបារីអេឡិចត្រូនិកអាចមានផ្ទុកជាតិនីកូទីន និងសារធាតុគីមីដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ ជាតិនីកូទីនអាចបង្កការញៀន និងប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារ និងយុវជន ជាពិសេសផ្នែកនៃការចងចាំ ការផ្តោតអារម្មណ៍ ការរៀនសូត្រ និងការគ្រប់គ្រងអារម្មណ៍។

ឯកឧត្តម បានសង្គត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការយ៉ាងច្បាស់លាស់ក្នុងការទប់ស្កាត់ការរីករាលដាលនៃបារីអេឡិចត្រូនិក និងផលិតផលពាក់ព័ន្ធ។ វិធានការនេះបានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការការពារសុខភាពសាធារណៈ ការថែរក្សាសណ្តាប់ធ្នាប់សង្គម និងជាពិសេសការការពារកុមារ និងយុវជនពីផលប៉ះពាល់នៃផលិតផលទាំងនេះ។

សូមបញ្ជាក់ថា ការដាក់ចេញនូវវិធានការគ្រប់គ្រង និងហាមឃាត់ គឺជាជំហានដ៏សំខាន់មួយ ប៉ុន្តែការអនុវត្តឱ្យមានប្រសិទ្ធភាព ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី និងការយល់ដឹងរបស់ប្រជាពលរដ្ឋទាំងមូល។

ក្នុងនាមជាក្រសួង ដែលមានបេសកកម្មលើការងារសង្គមកិច្ច ការគាំពារ និងការការពារក្រុមងាយរងគ្រោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានតួនាទីសំខាន់ក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងការការពារប្រជាពលរដ្ឋ ជាពិសេសកុមារ យុវជន និងក្រុមដែលងាយរងគ្រោះ។

ឯកឧត្តម យល់ឃើញថា ការទប់ស្កាត់បញ្ហាបារីអេឡិចត្រូនិក គឺជាកិច្ចការមួយដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបេសកកម្មរបស់ក្រសួង ព្រោះបញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតបញ្ហាសង្គម និងបង្កើនភាពងាយរងគ្រោះដល់កុមារ យុវជន និងគ្រួសារមួយចំនួនផងដែរ។