“ភូមិហ្វ្រង់កូហ្វូនី” បានបិទបញ្ចប់ដោយជោគជ័យ ដោយមានភ្ញៀវចូលទស្សនា រហូតដល់ ៦៦ម៉ឺននាក់ ខណៈការរំពឹងទុកត្រឹម ១០ម៉ឺននាក់
ភ្នំពេញ៖ ភូមិហ្វ្រង់កូហ្វូនី ដែលជាព្រឹត្តិការណ៍អម កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះ បានបិទបញ្ចប់ដោយជោគជ័យ នៅរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ។
ភូមិហ្វ្រង់កូហ្វូនី រៀបចំឡើងក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» បានបើកជាផ្លូវការ នៅសួនមុខវត្តបទុមវតី កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
ក្នុងរយៈពេល៥ថ្ងៃមកនេះ ភូមិហ្វ្រង់កូហ្វូនី មានរៀបចំពន្លាជាតិចំនួន៧៣, ស្តង់ពិព័រណ៍១៣០ស្តង់ និងពិព័រណ៍ម្ហូបអាហារ ចំនួន៣០ស្តង់។ ជាមួយគ្នានោះ មានកម្មវិធីសិល្បៈចំនួន៥០កម្មវិធី ដោយបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចំនួន៦៦ម៉ឺននាក់ ចូលរួមទស្សនា ខណៈរំពឹងទុកមានតែ១០ម៉ឺននាក់ប៉ុណ្ណោះ។
លោក ហួត ហាក់ បានវាយតម្លៃខ្ពស់បំផុត ចំពោះលទ្ធផលដែលសម្រេចបាន ចំពោះការរៀបចំភូមិហ្វ្រង់កូហ្វូនី។ ភូមិហ្វ្រង់កូហ្វូនី ជាព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលដំណើរការប្រកបដោយភាពជោគជ័យ មានសុខសុវត្ថិភាព រក្សាបាននូវអនាម័យ និងបរិស្ថាន ដោយទទួលបាននូវការចូលរួមយ៉ាងច្រើនកុះករ ជាការបំបែកនូវឯតទគ្គកម្ម ដែលកម្រមានប្រទេសដទៃអាចធ្វើបាន។
សូមជម្រាបថា ភូមិហ្វ្រង់កូហ្វូនី ជាវេទិកាផ្លាស់ប្តូរវប្បធម៌ និងស្ថាប័ន ជាកន្លែងដែលសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី មកជួបជុំគ្នា ដើម្បីបង្ហាញអំពីអត្តសញ្ញាណជាតិរៀងៗខ្លួន និងការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក, ជាមជ្ឈមណ្ឌលទេសចរណ៍ និងម្ហូបអាហារ, ជាកន្លែងបណ្តុះគំនិត និងសហគ្រិនភាព និងជាចំណុចប្រសព្វនៃអន្តរកម្ម ដែលជាស្ពានផ្សារភ្ជាប់ដោយផ្ទាល់ រវាងគណៈប្រតិភូអន្តរជាតិជាន់ខ្ពស់ ជាមួយនឹងប្រជាជនកម្ពុជា ។


