ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីនិងជាសក្ខីភាពក្នុងការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង នៅកម្ពុជា

នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាល្ងាចថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញជាអធិបតី និងជាសក្ខីភាពក្នុងការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នារវាង ក.អ.ក. និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា (CCIFC) ដោយមាន ឯកឧត្តមអគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. ជាអ្នកតំណាងស្ថាប័ន ក.អ.ក. ផ្លាស់ប្តូរជាមួយលោក Pascal Catry ប្រធាន CCIFC។ ពិធីផ្លាស់ប្តូរឯកសារអនុស្សារណៈលើការយោគយល់គ្នានាល្ងាចនេះ ក៏មានការចូលរួមជាសក្ខីភាពផងដែរពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកអនុប្រធាន CCIFC, និងលោកនាយកប្រតិបត្តិ CCIFC៕