ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញដឹកនាំកិច្ចសន្ទនាធុរកិច្ច និងបន្តដោយការចុះអនុស្សរណៈលើការយោគយល់គ្នារវាង ក.អ.ក. និងស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

នាព្រឹកថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយ លោក Hubert Bolduc ប្រធានស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ (Investissement Québec International) បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចសន្ទនាធុរកិច្ចរវាងភាគីកម្ពុជា និងគណៈប្រតិភូធុរកិច្ច ដែលជាសមាជិកស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ។ សមាសភាពចូលរួមអម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងកិច្ចសន្ទនាធុរកិច្ចនាព្រឹកនេះ រួមមានវត្តមាន ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាននៃ ក.អ.ក., ថ្នាក់ដឹកនាំគណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក., ថ្នាក់ដឹកនាំជាទីប្រឹក្សាអម ក.អ.ក., ថ្នាក់នាំខុទ្ទកាល័យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី, តំណាងក្រសួងពាណិជ្ជកម្ម, និងតំណាងវិស័យឯកជននៅកម្ពុជាមួយចំនួនផងដែរ។

កិច្ចសន្ទនាបានប្រព្រឹត្តទៅដោយរលូនផុលផុស ជាមួយឆន្ទៈរួមគ្នាសំដៅស្វែងរកគំនិតផ្តួចផ្តើមនានា ដែលភាគីទាំងពីរអាចបង្កើតកិច្ចសហប្រតិបត្តិការបាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញរបស់កម្ពុជា ដោយផ្អែកលើកត្តាសុខសន្តិភាព ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបរិស្ថានវិនិយោគដ៏បើកចំហក្នុងតំបន់អាស៊ាន រួមជាមួយនឹងការលើកទឹកចិត្តផ្នែកពន្ធដ៏សម្បូរបែប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសកម្ម ជាពិសេសគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្រ្ដ ដែលនឹងបើកច្រករបៀងសេដ្ឋកិច្ច ភស្តុភារកម្ម ឧស្សាហកម្ម និងទេសចរណ៍ថ្មីដ៏មានសក្តានុពលសម្រាប់ក្រុមហ៊ុន ក្នុងការចូលមកពង្រីកទីផ្សារនៅកម្ពុជា និងទៅកាន់តំបន់អាស៊ាន។ លើសពីនេះ ឯកឧត្តម ក៏បានជម្រាបជូនភាគីមិត្តអំពីការត្រៀមខ្លួនជាស្រេចរបស់ ក.អ.ក. ក្នុងការផ្តល់ការគាំទ្រពេញទំហឹងតាមរយៈសេវាច្រកចេញ-ចូលតែមួយ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) យន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនជាទៀងទាត់ ព្រមទាំងសេវាថែទាំវិនិយោគជូនវិនិយោគិនប្រកបដោយប្រសិទ្ធភាព។

ជាការឆ្លើយតប លោក Hubert Bolduc បានបង្ហាញពីចំណាប់អារម្មណ៍របស់ធុរជនខេត្តហ្កេបិក ក្នុងការពង្រីកការវិនិយោគ និងការធ្វើពិពិធកម្មទីផ្សារមកកាន់តំបន់អាស៊ី ជាពិសេសនៅកម្ពុជា លើវិស័យដែលខេត្តកេបិចមានសក្តានុពល និងជំនាញខ្ពស់ រួមមាន វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស្វកម្ម វិស័យអាកាសចរណ៍ វិស័យថាមពលស្អាត (វារីអគ្គិសនី) វិស័យទេសចរណ៍ និងការរៀបចំពិព័រណ៍ធំៗ។ ទន្ទឹមនឹងនេះ ភាគីហ្កេបិកក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ព្រមទាំងត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រក្រុមហ៊ុនកម្ពុជា ដែលមានបំណងពង្រីកការវិនិយោគទៅកាន់ទីផ្សារអាមេរិកខាងជើងផងដែរ។

បន្ទាប់ពីការសន្ទនាផ្លាស់ប្តូរទស្សនៈជុំវិញបរិយាកាស និងសក្តានុពលវិនិយោគរវាងគ្នា អង្គពិធីបានឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ក.អ.ក. និងស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ដោយមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រួមជាមួយលោកប្រធាន Hubert Bolduc ជាហត្ថលេខី។ អនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះក្នុងឱកាសនេះ ផ្តោតលើកិច្ចសហប្រតិបត្តិការទាក់ទងនឹងការជំរុញការវិនិយោគ ការផ្តល់កិច្ចសម្របសម្រួលជូនដល់វិនិយោគិន និងការផ្សារភ្ជាប់ទំនាក់ទំនងធុរកិច្ចដែលមានសក្តានុពល រវាងខេត្តហ្កេបិក និងព្រះរាជាណាចក្រកម្ពុជា៕