អ្នកសារព័ត៌មានអន្តរជាតិស្វែងយល់ពីបេតិកភណ្ឌវប្បធម៌ខ្មែរនៅព្រះបរមរាជវាំង និងកោតសរសើរការរៀបចំទទួលបដិសណ្ឋារកិច្ចរបស់កម្ពុជា
ភ្នំពេញ៖ បន្ទាប់ពីបានបំពេញបេសកកម្មយកព័ត៌មានក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បញ្ចប់ដោយជោគជ័យរួចមក នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នកសារព័ត៌មានអន្តរជាតិមកពីបណ្តាប្រទេសមួយចំនួន បានអញ្ជើញទៅទស្សនាព្រះបរមរាជវាំង ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី និងសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ព្រះរាជាណាចក្រកម្ពុជា។
ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំសម្របសម្រួលដោយក្រសួងព័ត៌មាន ដោយមានការចូលរួមជួយសម្រួលការបកប្រែជាភាសាបារាំងពីសំណាក់ក្រុមយុវជនស្ម័គ្រចិត្ត ដែលជានិស្សិតផ្នែកភាសាបារាំង ដើម្បីជួយឱ្យអ្នកសារព័ត៌មានអន្តរជាតិទទួលបានព័ត៌មាន និងការពន្យល់កាន់តែច្បាស់អំពីទីតាំងប្រវត្តិសាស្ត្រ និងសម្បត្តិវប្បធម៌របស់ជាតិ។
ដំណើរទស្សនកិច្ចនេះក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៌មាន ដែលបានយកចិត្តទុកដាក់ខ្ពស់ និងបំពេញការងារយ៉ាងសកម្មក្នុងការសម្របសម្រួលជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចាប់តាំងពីដំណាក់កាលត្រៀមរៀបចំ រហូតដល់ដំណើរការនៃកិច្ចប្រជុំកំពូល ដើម្បីធានាឱ្យការបំពេញបេសកកម្មសារព័ត៌មាន ការទទួលព័ត៌មាន ការផ្សព្វផ្សាយ និងការផ្លាស់ប្តូរព័ត៌មានប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។
ការខិតខំប្រឹងប្រែងនេះឆ្លុះបញ្ចាំងពីការទទួលខុសត្រូវ និងការយកចិត្តទុកដាក់របស់ក្រសួងព័ត៌មាន ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បំពេញការងារប្រកបដោយភាពងាយស្រួល និងវិជ្ជាជីវៈ ព្រមទាំងជួយលើកកម្ពស់មុខមាត់ និងកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។
លើសពីនេះ សកម្មភាពទស្សនកិច្ចនៅព្រះបរមរាជវាំងក៏ជាឱកាសដ៏មានអត្ថន័យមួយក្នុងការបង្ហាញពីអត្តសញ្ញាណជាតិ អរិយធម៌ វប្បធម៌ និងតម្លៃបេតិកភណ្ឌខ្មែរ ទៅកាន់សហគមន៍អន្តរជាតិ តាមរយៈអ្នកសារព័ត៌មានដែលបានចូលរួមយកព័ត៌មានពីកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ។
ជាមួយគ្នានេះ ការចូលរួមរបស់ក្រុមយុវជនស្ម័គ្រចិត្តក្នុងការជួយបកប្រែភាសាបារាំង ក៏បានបង្ហាញពីស្មារតីទទួលខុសត្រូវ និងការចូលរួមរបស់យុវជនក្នុងការងារជាតិ ព្រមទាំងជាស្ពានតភ្ជាប់ការយល់ដឹង និងការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងផងដែរ៕


