រដ្ឋមន្ត្រីក្រសួងកិច្ចការនារីនិងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អំពាវនាវឱ្យស្ត្រីក្លាយជា «អ្នកដឹកនាំ និងអ្នកបង្កើតថ្មី» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)

ភ្នំពេញ៖នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សហប្រធានរៀបចំព្រឹត្តិការណ៍ហ្វ្រង់កូតិច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ ដែលត្រូវបានរៀបចំឡើងក្រោមមូលបទ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ»។

 លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានគូសបញ្ជាក់ថា នៅក្នុងយុគសម័យ     បច្ចេកវិទ្យាឈានមុខ និងបញ្ញាសិប្បនិម្មិត (AI) ស្ត្រីមិនគួរមានតួនាទីត្រឹមតែជាអ្នកប្រើប្រាស់ ឬអ្នករង់ចាំទទួលផលប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែឈានមុខគេក្នុងការបង្កើតថ្មី វិនិយោគ និងចូលរួមកំណត់ទិសដៅអនាគតឌីជីថលប្រកបដោយបរិយាបន្ន។លោកជំទាវកិត្តិបណ្ឌិតបន្តថា ក្នុងកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ស្តីពី «ភាពជាអ្នកដឹកនាំរបស់ស្ត្រី ក្នុងបច្ចេកវិទ្យាឈានមុខ និងបញ្ញាសិប្បនិម្មិត» ក្រោមមូលបទ «ការធានាបាននូវបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន សម្រាប់ទាំងអស់គ្នា» ដែលសហការរៀបចំឡើងដោយក្រសួងកិច្ចការនារី និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងក្របខណ្ឌវេទិកាOne Francophone ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នៅរាជធានីភ្នំពេញ។ការផ្លាស់ប្តូរផ្នត់គំនិតសំខាន់ៗដើម្បីលើកកម្ពស់ស្ត្រីក្នុងវិស័យឌីជីថលថ្លែងទៅកាន់គណៈប្រតិភូជាតិ និងអន្តរជាតិ លោកជំទាវរដ្ឋមន្ត្រីបានលើកឡើងពីទស្សនៈសំខាន់ៗចំនួន៣ ដើម្បីជំរុញសមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យា៖

ទី១. ពី «អ្នកប្រើប្រាស់» ទៅជា «អ្នកបង្កើតថ្មី និងអ្នកដឹកនាំ»៖ ស្ត្រីត្រូវតែមានវត្តមានពេញមួយខ្សែចង្វាក់តម្លៃនៃបច្ចេកវិទ្យា ចាប់ពីអ្នកស្រាវជ្រាវ វិស្វករ សហគ្រិន ម្ចាស់កម្មសិទ្ធិបញ្ញា រហូតដល់អ្នកវិនិយោគ និងអ្នករៀបចំគោលនយោបាយ។ លោកជំទាវបានសង្កត់ធ្ងន់ថា ការបង្កើនការចូលរួមរបស់ស្ត្រី គឺជាបញ្ហានៃមូលធនមនុស្សកំណើនសេដ្ឋកិច្ចនិងផលិតភាពជាតិ។

ទី២. ពី «វឌ្ឍនភាពនៃការអប់រំ» ទៅរក «អាជីព និងនវានុវត្តន៍»៖ យោងតាមការសិក្សាឆ្នាំ២០២៦ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងវិទ្យាស្ថាន CDRI បានបង្ហាញថា ស្ត្រីមានត្រឹមតែ ១៧% ប៉ុណ្ណោះដែលសិក្សាផ្នែក STEM។ ដូច្នេះ កម្ពុជាត្រូវពង្រឹងមាគ៌ាទាំងមូល ដើម្បីបំប្លែងសមត្ថភាពសិក្សារបស់ស្ត្រី ទៅជាជំនាញ អាជីពក្នុងវិស័យ AI សហគ្រិនភាព និងភាពជាអ្នកដឹកនាំ ដោយលុបបំបាត់ផ្នត់គំនិតរើសអើង និងឧបសគ្គរចនាសម្ព័ន្ធ។

ទី៣. ពី «ការការពារ» ទៅ «សិទ្ធិអំណាចក្នុងការកំណត់ទិសដៅ»៖ ដោយយោងតាមរបាយការណ៍របស់អង្គការ UN Women ដែលរកឃើញថា ប្រព័ន្ធ (AI) ចំនួន ៤៤% ក្នុងចំណោមប្រព័ន្ធដែលបានសិក្សាចំនួន ១៣៣ បង្ហាញពីភាពលំអៀងផ្នែកយេនឌ័រ លោកជំទាវបានអំពាវនាវឱ្យមានការផ្លាស់ប្តូរពីការគិតត្រឹមតែការការពារស្ត្រីពីហានិភ័យឌីជីថល ទៅជាការផ្តល់សិទ្ធិអំណាចឱ្យស្ត្រីចូលរួមរចនា និងកំណត់ស្តង់ដារក្រមសីលធម៌(AI)ដោយផ្ទាល់។

សូមបញ្ជាក់ថាព្រឹត្តការណ៍ហ្វ្រង់កូតិចឆ្នាំនេះ ទទួលបានអ្នកចូលរួមប្រមាណជាង ៤ម៉ឺននាក់ មកពី ១១៥ប្រទេស។ ព្រឹត្តិការណ៍ហ្វ្រង់កូតិច ក៏មានរៀបចំកម្មវិធីសំខាន់ៗជាច្រើន រួមមាន ពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ដែលមានការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យា ធុរកិច្ចថ្មីឌីជីថល និងស្ថាប័នសរុបចំនួន ៣១៦ និងកម្មវិធីប្រកួតប្រជែងនវានុវត្តន៍ឌីជីថល បានទទួលការដាក់ពាក្យពីធុរកិច្ចថ្មីឌីជីថលសរុប ៣៨១ មកពី ២៧ប្រទេស ព្រមទាំងវេទិកាពិភាក្សាលើប្រធានបទចំនួន ៧ ដោយវាគ្មិន និងអ្នកសម្របសម្រួលជាតិ និងអន្តរជាតិសរុប៦៤រូបមកពី១៥ប្រទេស។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី និងឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នជាដៃគូ ក្រុមហ៊ុន ម្ចាស់ឧបត្ថម្ភ ដៃគូសារព័ត៌មានជាតិ និង TV5 Monde ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃក្រសួងកិច្ចការនារី និង ក.ប.ទ. អគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាដែលបានខិតខំរៀបចំព្រឹត្តិការណ៍នេះដោយជោគជ័យគួរជាទីមោទនៈ។