ក្រសួងការងារ និងសមាគមចិន CIEA ពង្រឹងភាពជាដៃគូអភិវឌ្ឍជំនាញឧស្សាហកម្មបៃតង និងទាក់ទាញការវិនិយោគចិនមកកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក លី អេឡែន (Lee Allen) ប្រធានសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា (CIEA) នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញពីគំនិតផ្តួចផ្តើមក្នុងការស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងធនធានមនុស្ស ការផ្គូផ្គងការងារ ការផ្ទេរបច្ចេកវិទ្យា និងការជំរុញការអភិវឌ្ឍឧស្សាហកម្មបៃតង ក៏ដូចជាផលិតកម្មប្រកបដោយចីរភាពនៅកម្ពុជា។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក លី អេឡែន និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមាគម CIEA ដែលបានដើរតួជា “ស្ពាន” សម្រាប់ភ្ជាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្មកម្ពុជា-ចិន ក្នុងការជំរុញការលើកកម្ពស់ឧស្សាហកម្មកម្ពុជា និងកសាងប្រព័ន្ធខ្សែច្រវាក់ឧស្សាហកម្ម បង្កើតវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម ក៏ដូចជាការទាក់ទាញវិនិយោគ ជាពិសេសតាមរយៈសមាជិករបស់ខ្លួនជាង ១០០ សហគ្រាស ដែលក្នុងនោះក៏មានកិច្ចសហការជាមួយតំបន់សេដ្ឋកិច្ចពិសេសជាច្រើនផងដែរ។

ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ជំនាញឧស្សាហកម្ម និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា-ចិនក្នុងការជំរុញការបណ្តុះបណ្តាលតាមតម្រូវការរបស់សហគ្រាស ការអនុវត្តជាក់ស្តែងនៅក្នុងរោងចក្រ ការបណ្តុះបណ្តាលគ្រូបង្គោល និងការបង្កើតប្រព័ន្ធវាយតម្លៃជំនាញវិជ្ជាជីវៈ ព្រមទាំងពិភាក្សាអំពីការផ្គូផ្គងការងារ និងតម្រូវការកម្លាំងពលកម្មក្នុងវិស័យឧស្សាហកម្ម។ លើសពីនេះ ឯកឧត្តម និងតំណាងក្រុមហ៊ុនចិនក៏បានពិភាក្សាលើកិច្ចសហការរវាងសហគ្រាសចិន និងកម្ពុជា, ការរៀបចំពិព័រណ៍ឧស្សាហកម្មចិននៅកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការលើឧស្សាហកម្មបៃតង និងផលិតកម្មប្រកបដោយចីរភាព តាមរយៈការជំរុញការប្រើប្រាស់ថាមពលស្អាត ការគ្រប់គ្រង និងចម្រោះទឹកសំណល់ឧស្សាហកម្ម ការប្រើប្រាស់ធនធានឡើងវិញ ឧបករណ៍សន្សំសំចៃថាមពល សុវត្ថិភាព និងសុខភាពការងារ ក៏ដូចជាការបណ្តុះបណ្តាលជំនាញផលិតកម្មបៃតង ដើម្បីជួយសហគ្រាសបំពេញតាមតម្រូវការ និងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិ។

លោក លី អេឡែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រីចំពោះកិច្ចពិភាក្សាប្រកបផ្លែផ្កា និងបានបង្ហាញការកោតសរសើរចំពោះចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួង ដោយលោកបានគូសបញ្ជាក់ថា ក្នុងទស្សនៈអ្នកវិនិយោគចិន ឯកឧត្តមរដ្ឋមន្ត្រីត្រូវបានចាត់ទុកថា ជាឥស្សរជនមួយរូបដែលមានឥទ្ធិពលវិជ្ជមានក្នុងការជំរុញការវិនិយោគឱ្យមានភាពជោគជ័យ និងការអភិវឌ្ឍនៅកម្ពុជា។ លោកមានប្រសាសន៍ថា សមាគមបានបង្កើតទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងទុងក្វាន់ ខេត្តក្វាងទុង ប្រទេសចិន ដែលត្រូវបានទទួលស្គាល់ថា ជាបេះដូងនៃ “រោងចក្រពិភពលោក” ដើម្បីជំរុញការតភ្ជាប់ធនធានវិនិយោគរវាងសហគ្រាសចិន និងឱកាសវិនិយោគវិស័យឧស្សាហកម្មនៅកម្ពុជា។ សមាគមបានប្តេជ្ញាចិត្តជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជាប្រកបដោយនិរន្តរភាព និងសង្ឃឹមថា ឯកឧត្តមនឹងគាំទ្រគម្រោងកិច្ចសហការដែលបានពិភាក្សា និងឈានទៅរកការបង្កើតភាពជាដៃគូផ្លូវការនឹងគ្នានាពេលអនាគត ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគចិនមកកម្ពុជាកាន់តែច្រើន។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគាំទ្រចំពោះគំនិតផ្តួចផ្តើមទាំងនេះ ដោយឯកឧត្តមបានណែនាំសមាជិកសមាគមឱ្យភ្ជាប់ទំនាក់ទំនងទៅតាមវិស័យរបស់ក្រសួង ដូចជាទីភ្នាក់ងារជាតិមុខរបរ និងការងារ អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងអគ្គនាយកដ្ឋានការងារជាដើម។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងបន្តកិច្ចពិភាក្សាគ្នាតាមវិស័យ ដើម្បីឈានទៅរកការពង្រឹង និងពង្រីកទំនាក់ទំនងផ្លូវការឱ្យកាន់តែរឹងមាំ ដែលនឹងជួយជំរុញឱ្យមានអ្នកវិនិយោគិនចិនកាន់តែច្រើនមកកម្ពុជា ជាពិសេសក្នុងវិស័យដែលអត់ទាន់មានការវិនិយោគ ដូចជាការផលិតក្រណាត់ជាដើម៕