នាយករដ្ឋមន្ត្រីកាណាដា អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះបរមរតនកោដ្ឋ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

រាជធានីភ្នំពេញ៖ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បន្ទាប់ពីពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ឯកឧត្តម ម៉ាក ជូសេហ្វ ខានី (Mark Joseph Carney) រួមជាមួយគណៈប្រតិភូផ្លូវការ បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពី ឯកឧត្តម ឈា ហន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។
ពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គឺដើម្បីថ្វាយនូវព្រះរាជកតញ្ញូតាធម៌ និងគោរពវិញ្ញាណក្ខន្ធចំពោះព្រះអង្គ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ម៉ាក ជូសេហ្វ ខានី នាយករដ្ឋមន្ត្រីកាណាដា នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ត្រូវបានរំពឹងថានឹងជួយពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងកាណាដា ឱ្យកាន់តែរឹងមាំ និងរីកចម្រើនលើគ្រប់វិស័យ។

​ក្រោយបញ្ចប់ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដា និងគណៈប្រតិភូ អមដំណើរដោយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីអម និងឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកាណាដា បានអញ្ជើញចេញដំណើរបន្តឆ្ពោះទៅកាន់វិមានសន្តិភាព ដើម្បីបន្តកម្មវិធីផ្លូវការបន្ទាប់ទៀត។

  រាជធានី
​