ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការ ILO និងដៃគូអភិវឌ្ឍអន្តរជាតិកំពុងរួមគ្នាកសាងឯកសារព្រាង «កម្មវិធីទីផ្សារការងារសកម្មនៅកម្ពុជា ២០២៧-២០៣៥»
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាបច្ចេកទេសស្តីពីការរៀបចំក្របខ័ណ្ឌអនុវត្តកម្មវិធីទីផ្សារការងារសកម្មនៅកម្ពុជា ២០២៧-២០៣៥» ក្រោមកិច្ចសហការរៀបចំដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Oakwood Premier ភ្នំពេញ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើងគឺចំពេលវេលាដ៏មានសារៈសំខាន់ និងជាយុទ្ធសាស្ត្រ ខណៈដែលកម្ពុជាកំពុងឈរនៅរបត់ផ្លាស់ប្តូរសង្គម-សេដ្ឋកិច្ចដ៏សំខាន់ និងត្រៀមខ្លួនចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។ ដំណើរការនេះទាមទារឱ្យកម្ពុជាឈានហួសពីការពឹងផ្អែកលើកម្លាំងពលកម្មថ្លៃដើមទាប និងអនុគ្រោះពាណិជ្ជកម្មឯកតោភាគី ដោយប្តូរមកពង្រឹងការប្រកួតប្រជែងលើផលិតភាពខ្ពស់ ជំនាញបច្ចេកទេស និងឌីជីថល នវានុវត្តន៍ និងកម្លាំងពលកម្មដែលអាចបត់បែនបានតាមការវិវត្តនៃបច្ចេកវិទ្យា អនុវត្តស្វ័យប្រវត្តិកម្ម និងការអន្តរកាលពណ៌បៃតង។
ឯកឧត្តមបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការងារបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការងារនិងមុខរបរ ២០២៦-២០៣៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ២០២៦-២០៣៥ ដោយបានចាត់ទុកកម្មវិធីទីផ្សារការងារសកម្មជាស្ពានតភ្ជាប់សក្តានុពលធនធានមនុស្សទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលាបច្ចេកទេសនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍអន្តរជាតិ អ្នកជំនាញការ និងមន្ត្រីបច្ចេកទេសជាច្រើនរូប ដើម្បីរួមគ្នាកសាងឯកសារព្រាងដំបូងនៃក្របខ័ណ្ឌកម្មវិធីទីផ្សារការងារសកម្មនៅកម្ពុជា ឆ្នាំ២០២៧-២០៣៥៕


