ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចូលរួមពិធីការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកពានរង្វាន់ «ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ» លើកទី១ ឆ្នាំ២០២៦
បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ពោរពេញបច្ចេកទេស និងស្មារតីកីឡាដ៏គួរឱ្យកោតសរសើរពេញមួយថ្ងៃនេះ យើងបានរកឃើញម្ចាស់ជ័យលាភីឆ្នើមប្រចាំ ការប្រកួតកីឡាវាយកូនឃ្លីលើតុ ជ្រើសរើសជើងឯក ពានរង្វាន់ «ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ» លើកទី១ ឆ្នាំ២០២៦ ទាំងលើវិញ្ញាសាគូបុរស និងវិញ្ញាសាឯកត្តជនបុរស។
ជាលទ្ធផលផ្លូវការ ម្ចាស់ជ័យលាភីតាមវិញ្ញាសានីមួយៗរួមមាន៖
១. វិញ្ញាសាគូបុរស៖ ជ័យលាភីលេខ១ (ជើងឯក) បានទៅលើគូកីឡាករ ប្រាក់ កុសុមស៊ុនដេត និងកីឡាករ ម៉េង ម៉ង់ទិត ជ័យលាភីលេខ២ បានទៅលើគូកីឡាករ ទិត សុរិន្ទ និងកីឡាករ សូផាន ខេមរិន្ទ និងជ័យលាភីលេខ៣ (ស្ទួន) បានទៅលើគូកីឡាករ សួន ជាថា និងកីឡាករ អុប ប៊ុនណាង ព្រមទាំងគូកីឡាករ ម៉ុន ប៊ុនថេង និងកីឡាករ ឱម សុវណ្ណមលី។
២. វិញ្ញាសាឯកត្តជនបុរស៖ ជ័យលាភីលេខ១ (ជើងឯក) បានទៅលើកីឡាករ ងន់ ម័រ ជ័យលាភីលេខ២ បានទៅលើកីឡាករ សោម សាវេត និងជ័យលាភីលេខ៣ (ស្ទួន) បានទៅលើកីឡាករ ប៉ិច សៀកឡេង និងកីឡាករ សុំ ពន្លេច។
ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និង លោកជំទាវ ឆាយ ថងឌី ហ៊ុន ម៉ានី បានផ្តល់កិត្តិយសប្រគល់ពានរង្វាន់ មេដាយ និងបណ្ណសរសើរ ជូនដល់កីឡាករជ័យលាភីទាំងអស់ ព្រមទាំងបានប្រគល់ បណ្ណថ្លែងអំណរគុណ ជូនដល់ក្រុមការងាររៀបចំការប្រកួត និងគណៈកម្មការបច្ចេកទេសនៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ដែលបានខិតខំប្រឹងប្រែងចូលរួមចំណែកយ៉ាងសកម្ម ធ្វើឱ្យការប្រកួតកីឡាលើកទី១ នេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ក្រោមស្នាមញញឹម សំឡេងទះដៃអបអរសាទរ និងមោទនភាពក្រៃលែង។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះម្ចាស់ជ័យលាភីទាំងអស់ ដែលបានបង្ហាញពីសមត្ថភាព ការតាំងចិត្ត និងព្យាយាមរហូតទទួលបានជោគជ័យនេះ ព្រមទាំងសូមកោតសរសើរចំពោះកីឡាករគ្រប់រូប ដែលបានចូលរួមប្រកួតប្រជែងយ៉ាងសកម្ម បង្កើតបាននូវបរិយាកាសសាមគ្គីភាព និងមិត្តភាពក្នុងគ្រួសារមុខងារសាធារណៈ។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនឃ្លីលើតុ ជ្រើសរើសជើងឯក ពានរង្វាន់ «ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ» លើកទី១ ឆ្នាំ២០២៦ បានបែងចែកចេញជា ២ វិញ្ញាសា រួមមាន វិញ្ញាសាប្រកួតគូបុរស មានកីឡាករចំនួន ១០គូ ចូលរួមប្រកួតប្រជែងជម្រុះតាមដំណាក់កាល និងវិញ្ញាសាប្រកួតឯកត្តជនបុរស មានកីឡាករសរុបចំនួន ៧០រូប មកពីអង្គភាពផ្សេងៗ ដោយបែងចែកជា ១៦ពូល (ពូលA ដល់ពូលP) ដើម្បីប្រកួតវិលជុំសន្សំពិន្ទុ ស្វែងរកជើងខ្លាំងឡើងទៅកាន់វគ្គខ្វែង ១/១៦ ផ្តាច់ព្រ័ត្រ វគ្គ ១/៨ ផ្តាច់ព្រ័ត្រ និងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ បន្តបន្ទាប់ពេញមួយថ្ងៃ៕


