រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅភ្នំពេញ រំពឹងសម្រេចបានលទ្ធផលសំខាន់ៗចំនួន៥ ដែលនឹងកំណត់ទិសដៅអនាគតរបស់សហគមន៍ហ្វ្រង់កូហ្វូនី
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានថ្លែងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅរាជធានីភ្នំពេញ រំពឹងនឹងសម្រេចបានលទ្ធផលសំខាន់ៗចំនួន៥ ដែលនឹងក្លាយជាមូលដ្ឋានសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ ការរក្សាសន្តិភាព និងកំណត់ទិសដៅអនាគតរបស់សហគមន៍ហ្វ្រង់កូហ្វូនី។
ការថ្លែងនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរការនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ OCIC រាជធានីភ្នំពេញ។
តាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី លទ្ធផលសំខាន់ៗទាំង៥ ដែលកិច្ចប្រជុំកំពូលនេះរំពឹងនឹងសម្រេចបាន រួមមាន៖
ទី១៖ ការអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ។ សេចក្តីថ្លែងការណ៍នេះនឹងក្លាយជាឯកសារនយោបាយដ៏សំខាន់ ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី ក្នុងការលើកកម្ពស់សន្តិភាព វិបុលភាពរួម និងស្ថិរភាពយូរអង្វែង។
ទី២៖ ការពង្រឹងតួនាទីរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ក្នុងការការពារសន្តិភាព និងគាំទ្រការដោះស្រាយវិបត្តិ។ កិច្ចប្រជុំនឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំពិភាក្សា និងកំណត់ទិសដៅក្នុងការជំរុញកិច្ចសន្ទនា ការកសាងទំនុកចិត្ត និងការគាំទ្រស្ថិរភាពក្នុងចំណោមសមាជិកនៃសហគមន៍ហ្វ្រង់កូហ្វូនី។
ទី៣៖ ការកំណត់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ ជាពិសេស ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ យុវជន ស្ត្រី សេដ្ឋកិច្ច ឌីជីថល នវានុវត្តន៍ និងអភិបាលកិច្ច ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងឱកាសថ្មីៗក្នុងតំបន់ និងពិភពលោក។
ទី៤៖ ការពង្រឹងប្រសិទ្ធភាពស្ថាប័នរបស់អង្គការ OIF។ តាមរយៈការពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងារឆ្នាំ២០២៤-២០២៧ និងការពិចារណាលើទិសដៅយុទ្ធសាស្ត្រសម្រាប់ដំណាក់កាលបន្ទាប់ ដើម្បីធានាប្រសិទ្ធភាព និងសមត្ថភាពរបស់អង្គការក្នុងការបំពេញបេសកកម្មរបស់ខ្លួន។
ទី៥៖ ការសម្រេចចិត្តពាក់ព័ន្ធនឹងសមាជិកភាព និងការដឹកនាំអង្គការ។ រួមមានការពិនិត្យ និងសម្រេចលើសំណើសុំចូលជាសមាជិក ការផ្លាស់ប្តូរឋានៈសមាជិកភាព និងការជ្រើសរើសអគ្គលេខាធិការអង្គការ OIF។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា លទ្ធផលទាំងនេះបង្ហាញថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅរាជធានីភ្នំពេញ មិនមែនគ្រាន់តែជាវេទិកាជួបជុំរបស់ថ្នាក់ដឹកនាំប្រទេសសមាជិក និងដៃគូប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដ៏មានសារៈសំខាន់ក្នុងការបង្កើតការប្តេជ្ញាចិត្តរួម កំណត់ទិសដៅយុទ្ធសាស្ត្រ និងជំរុញឱ្យមានសកម្មភាពជាក់ស្តែងសម្រាប់អនាគត។
ដូច្នេះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា នឹងត្រូវបានវាយតម្លៃមិនត្រឹមតែតាមរយៈទំហំ និងកម្រិតនៃការចូលរួមរបស់ថ្នាក់ដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះ គឺតាមរយៈខ្លឹមសារ ការសម្រេចចិត្ត និងលទ្ធផលជាក់ស្តែង ដែលអាចរួមចំណែកដល់ការកសាងសន្តិភាព វិបុលភាព និងអនាគតប្រកបដោយចីរភាពសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនីទាំងមូល៕


