សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី រវ៉ាន់ដា លើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភា ពាណិជ្ជកម្ម និងទេសចរណ៍
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ស្នើឯកឧត្តម ផូល ខាហ្គាម៉េ (PAUL KAGAME) ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា រួមសហការគ្នានៅក្នុងការលើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ តាមរយៈការបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងស៊ីជម្រៅ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ នៅក្នុងនោះ សម្តេចក៏បានស្នើឱ្យមានការជំរុញអ្នកទេសចរ និងអ្នកវិនិយោគពីរវ៉ាន់ដាមកកម្ពុជាផងដែរ។
សំណើនេះ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចប្រធានរដ្ឋសភា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែល ឯកឧត្តម ផូល ខាហ្គាម៉េ អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា វត្តមានរបស់ឯកឧត្តមប្រធានាធិបតីនៅកម្ពុជា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រកបដោយអត្ថន័យ ក្នុងការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ នាំមកនូវផលប្រយោជន៍ដល់ពលរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជាអន្តរជាតិ។
ឯកឧត្តម ផូល ខាហ្គាម៉េ បានថ្លែងអំណរគុណដែលថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជា រួមទាំងសម្តេចប្រធានរដ្ឋសភាផង បានទទួលស្វាគមន៍ ឯកឧត្តម និងគណៈប្រតិភូយ៉ាងកក់ក្តៅជាទីបំផុត។ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់កម្ពុជា និងតួនាទីដ៏សំខាន់របស់កម្ពុជានៅក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានាប្រកបដោយខ្លឹមសារ បង្ហាញពីការចូលរួមដ៏សំខាន់ក្នុងការកសាងសុខសន្តិភាពសម្រាប់មនុស្សជាតិទូទាំងពិភពលោក។
សម្តេចប្រធានរដ្ឋសភា និង ឯកឧត្តមប្រធានាធិបតី បានអបអរសាទរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរក្នុងរយៈពេល ២០ឆ្នាំមកនេះ ទោះបីកម្ពុជា និង រវ៉ាន់ដា ស្ថិតនៅក្នុងទ្វីបផ្សេងគ្នាក៏ដោយ។ កម្ពុជា និង រវ៉ាន់ដា មានថ្នាក់ដឹកនាំដែលមានការតស៊ូ និងការលះបង់ដើម្បីស្វែងរក និងកសាងសុខសន្តិភាព ហើយប្រទេសទាំងពីរក៏មានអ្នកដឹកនាំបន្តវេនស្រឡាញ់ និងការពារសន្តិភាព។
កម្ពុជា និង រវ៉ាន់ដា មានប្រវត្តិសាស្ត្រស្រដៀងគ្នា។ ប្រជាជន នៃប្រទេសទាំងពីរបានឆ្លងកាត់សោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ ដោយកម្ពុជាបានរងគ្រោះក្រោមរបបខ្មែរក្រហមចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ចំណែកឯ រវ៉ាន់ដាបានឆ្លងកាត់អំពើប្រល័យពូជសាសន៍នៅក្នុងឆ្នាំ១៩៩៤។ ប្រទេសទាំងពីរបានជ្រើសយកមាគ៌ាដ៏លំបាកក្នុងការផ្សះផ្សាជាតិ ការបង្រួបបង្រួមជាតិ និងការកសាងប្រទេសឡើងវិញ។ បទពិសោធន៍រួមនេះ បានផ្តល់នូវការយល់ដឹងយ៉ាងជ្រាលជ្រៅរវាងប្រទេសយើងទាំងពីរ អំពីតម្លៃនៃសន្តិភាព ព្រមទាំងសារៈសំខាន់នៃស្ថាប័ន និងការដឹកនាំក្នុងការថែរក្សាសន្តិភាពឱ្យបានគង់វង្សយូរអង្វែង។
សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា បទពិសោធន៍របស់កម្ពុជាក្នុងការផ្សះផ្សាជាតិ រួមមាន នយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា គឺជាមេរៀនដ៏សំខាន់សម្រាប់ប្រទេសដែលកំពុងស្តារឡើងវិញក្រោយជម្លោះ។ ជាមួយនឹងការស្នើឱ្យមានការភ្ជាប់ទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងរដ្ឋសភាប្រទេសទាំងពីរនៅគ្រប់កម្រិត រួមមានកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ និងក្រុមសមាជិករដ្ឋសភាជាស្ត្រីនោះ សម្តេចបានគូសបញ្ជាក់ថា រវ៉ាន់ដាគឺជាប្រទេសឈានមុខគេមួយក្នុងពិភពលោកលើការចូលរួមរបស់ស្ត្រីក្នុងសភា។ ប្រទេសទាំងពីរមានចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែងរហូតដល់ឆ្នាំ២០៥០ ដែលអាចផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍លើការធ្វើកំណែទម្រង់អភិបាលកិច្ច និងវិស័យសាធារណៈ បរិវត្តកម្មឌីជីថល ការអភិវឌ្ឍមូលធនមនុស្ស និងការលើកកម្ពស់ប្រសិទ្ធភាពស្ថាប័ន ផងដែរ។
សម្តេចប្រធានរដ្ឋសភាជម្រាបប្រធានាធិបតីនៃសាធារណរដ្ឋ រវ៉ាន់ដា ថា កម្ពុជា និង រវ៉ាន់ដា អាចជាស្ពាននៅក្នុងការភ្ជាប់ទំនាក់ទំនងរវាងទ្វីបអាស៊ី និងអាហ្វ្រិកខាងកើត។ សម្តេចបានស្នើ ឯកឧត្តមប្រធានាធិបតី មើលឃើញទីផ្សារដ៏ធំរបស់កម្ពុជា ដែលមិនមានវិសាលភាពត្រឹមតែកម្ពុជាប៉ុណ្ណោះទេ។ កម្ពុជាជាសមាជិកអាស៊ាន និងជាសមាជិកភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានទីផ្សារធំទូលាយ មានពលរដ្ឋរាប់ពាន់លាននាក់។តំណាងឱ្យប្រជាពលរដ្ឋខ្មែរ សម្តេចប្រធានរដ្ឋសភា បានគាំទ្រពេញទំហឹងចំពោះគម្រោងចុះហត្ថលេខាលើឯកសារសំខាន់ៗ រវាងកម្ពុជា និង រវ៉ាន់ដា ដែលធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តមប្រធានាធិបតី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើឯកសារស្តីពីអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការអភិវឌ្ឍន៍រវ៉ាន់ដា។ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ និងកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។ កិច្ចព្រមព្រៀងទាំងនេះ សុទ្ធសឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕


